អគ្គលេខាធិការភូមិ១ផលិតផល១៖ ការដាស់ស្មារតីគាំទ្រផលិតផលខ្មែរ ជាកម្លាំងដ៏មហិមាជំរុញអ្នកផលិត ឱ្យខិតខំផលិត និងពង្រឹងគុណភាព (Video inside)
07-11-2025 12:23
(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានលើកឡើងថា ការដាស់ស្មារតីគាំទ្រផលិតផលខ្មែរ ជាកម្លាំងដ៏មហិមាជំរុញអ្នកផលិត ឱ្យខិតខំផលិតកាន់តែច្រើន ជាមួយនឹងគុណភាពកាន់តែប្រសើរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ផល សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សារសំខាន់នៃភូមិមួយផលិតមួយ លើខ្សែច្រវាក់ផលិតកម្មកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ផល សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្កេតឃើញថា នៅក្នុងវិបត្ដិចុងក្រោយ នៃភាពតាន់តឹងរវាងកម្ពុជា-ថៃ ដែលកើតចេញពីជម្លោះខ្សែរបន្ទាត់ព្រំដែន ឃើញថា ប្រជាជនខ្មែរមួយរយៈចុងក្រោយ ងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន»។
បន្ថែមពីនោះទៀត លោក ផល សុជាតិ បានលើកឡើងថា នេះជាការកម្លាំងចលករមួយ នៅក្នុងការទាក់ទាញទឹកចិត្ដអ្នកផលិត ពីព្រោះជាទូទៅអ្នកផលិតព្យាយាមរកឱកាសយ៉ាងណា ដើម្បីអាចទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ចបាន ហើយបើសិនជាអ្នកផលិតផលឃើញទីផ្សារបែបនេះ នឹងខិតខំក្នុងការផលិត ជាមួយនឹងគុណភាពកាន់តែល្អប្រសើរ។
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ផល សុជាតិ៖








