ពន្ធដារ៖ ម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានប្រកាស និងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំ២០២៥ អាចបន្តប្រកាស និងបង់ប្រាក់ពន្ធរហូតដល់ថ្ងៃទី៣១ ខែធ្នូ (Video inside)

07-11-2025 13:35

(ភ្នំពេញ)៖ ម្ចាស់អចលនទ្រព្យដែលមិនទាន់បានប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ អាចបន្តប្រកាស និងបង់ប្រាក់ពន្ធរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនទទួលរងទណ្ឌកម្មរដ្ឋបាល។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន ដែលចុះផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ពន្ធលើអចលនទ្រព្យ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីជូនដំណឹងលេខ ៣២៣២២ អពដ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានពន្យារពេលប្រកាស និងបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ការពន្យារពេលនៃការប្រកាស និងបង់ប្រាក់ពន្ធនេះ ផ្តល់លទ្ធភាពដល់ម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ អាចបន្តប្រកាសនិងបង់ប្រាក់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ដោយមិនទទួលរងនូវទណ្ឌកម្មរដ្ឋបាល រួមមាន ពន្ធបន្ថែម និងការប្រាក់នោះឡើយ។

ដើម្បីបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យឱ្យទាន់ពេលវេលា ម្ចាស់អចលនទ្រព្យត្រូវរួសរាន់ប្រកាសនិងបង់ប្រាក់ពន្ធលើអចលនទ្រព្យ តាមមធ្យោបាយណាមួយក៏បាន របស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖

* តាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GOT Taxpayer App
* នៅតាមបណ្តាធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
* នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

កាន់តែងាយស្រួល ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធអចលនទ្រព្យបាន ដោយអនុវត្តតែ ២ ជំហានប៉ុណ្ណោះ តាមរយៈមុខងារបង់ពន្ធរហ័ស (QUICK PAYMENT) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕