កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

08-11-2025 14:26

(ភ្នំពេញ)៖ កម្ពុជា បានធ្វើម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥។

សន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ រៀបចំពីធីបើកក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក Roger V. Navarro អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន លោក Jeremy Zwinger ប្រធាន និងនាយកប្រតិបត្តិនៃ The Rice Trader លោកស្រី Yvonne Pinto អគ្គនាយិកា នៃវិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានថ្លែងថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជា ក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត របស់កម្ពុជាចំពោះនិរន្តរភាព នវានុវត្តន៍ និងកំណើនប្រកបដោយបរិយាបន្ន ក្នុងការតម្រែតម្រង់អនាគតនៃផលិតកម្មស្រូវអង្ករផងដែរ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាប្រឈមនានាដែលនឹងអាចកើតមាននាពេលអនាគតដូចជា៖ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិនាំចូល អត្រាពន្ធគយខ្ពស់ និងបញ្ហាការដឹកជញ្ជូន ដែលបានរារាំងការចូលទៅកាន់ទីផ្សារថ្មី ប៉ុន្តែក្រសួងពាណិជ្ជកម្ម នៅតែបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការចរចាពាណិជ្ជកម្ម បរិវត្តកម្មឌីជីថល និងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន។

មុននឹងបញ្ចប់ ឆ្លៀតក្នុងវេទិកាដ៏សំខាន់នេះ លោកស្រីរដ្ឋមន្ត្រី បានអញ្ជើញអ្នកចូលរួមទាំងអស់ អ្នកវិនិយោគ និងធុរជនអន្តរជាតិ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសំខាន់ៗនានា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគសម្រាប់ពាណិជ្ជកម្មប្រកប ដោយចីរភាព និងនវានុវត្តន៍នៅក្នុងវិស័យស្រូវអង្កកម្ពុជា។

សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងវត្តមានរបស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងគោលបំណងធ្វើពិពិធកម្មគោលដៅនាំចេញ និងបង្កើនភាពប្រកួតប្រជែង៕