CBC: ការដាក់ពាក្យស្នើឥណទាន សម្រាប់អាជីវកម្មខ្នាតតូច កើនឡើង៤.៥% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ (Video inside)
08-11-2025 16:10
(ភ្នំពេញ)៖ យោងតាមរបាយការណ៍សន្ទស្សន៍ឥណទាន លក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូច ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ឬហៅថា CBC បានឱ្យដឹងថា ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនឡើង៤.៥% ដែលឥណទានស្នើសុំភាគច្រើន ក្នុងទម្រង់៥ផ្សេងៗគ្នាដូចជា កម្ចីមូលធន, កម្ចីកសិកម្ម, កម្ចីទិញទ្រព្យសកម្ម, កម្ចីសំណង់ និងកម្ចីផ្សេងៗ។
នៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥នេះ ការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន ១២.២% ជាមួយនឹងការកើនឡើងច្រើនបំផុត ១៨.៥% នៅតំបន់ខ្ពង់រាប និង ការស្នើសុំកម្ចីទ្រព្យសកម្ម មានការកើនឡើង២៦.៤% ជាមួយនឹងការកើនឡើងច្រើន៣៨.៧% នៅតំបន់ខ្ពង់រាប។ ការស្នើសុំកម្ចីផ្សេងៗមានការធ្លាក់ចុះ ៤.៨% ជាមួយនឹងការធ្លាក់ចុះច្រើននៅខ្ពង់រាប ១៩.៧% ។ ការស្នើសុំកម្ចីសំណង់ធ្លាក់ចុះ ៧.២% ដោយមាន ការថយចុះច្រើនបំផុត ៣៧.៩% ក្នុងតំបន់ទន្លេសាប។ ការស្នើសុំកម្ចីកសិកម្ម មានការថយចុះ ២៣.១% ជាមួយនឹងការថយចុះច្រើន បំផុតនៅឆ្នេរសមុទ្រនៃ ៤២.៦% ។
បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន ១១.៨%។ បម្រែបម្រួលនេះបណ្តាលមកពីកម្ចីទិញទ្រព្យសកម្មកើនឡើង ៣២.៣% កម្ចីកសិកម្មកើនឡើង ១៦.៥% និងកម្ចីមូលធន កើនឡើង ១៨.៨%។ ខណៈ ការធ្លាក់ចុះនៃកម្ចីសំណង់ មានចំនួន ៣៩.៦% និង កម្ចីផ្សេងៗធ្លាក់ចុះ ៣.៩%។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីបានមានប្រសាសន៍ថា «ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង និងសមតុល្យនៃពាក្យស្នើសុំឥណទានមានការកើនឡើង ដូចគ្នានៅក្នុងត្រីមាសនេះបើប្រៀបធៀបនឹងត្រីមាសមុន។ ចំនួនគណនីនៃដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចក៏មានការថយចុះចំនួន ០.៦% ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គល ប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅតែមានភាពវិជ្ជាមាន ជាមួយនឹងចំនួនសមតុល្យ ១.៨% នៅក្នុងត្រីមាសទី២នេះ»។
លោកបានបន្ថែមទៀតថា គុណភាពឥណទានធៀបនឹង ត្រីមាសមុន នៅរក្សាកម្រិតដដែរនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៩០ថ្ងៃហួសកាលបរិច្ឆេទកំណត់ត្រឹម +៧,៤% ក្នុងត្រីមាសនេះ។
បើតាម CBC ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់ សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះចំនួន ០.៦% ដែលនាំឲ្យចំនួនគណនីសរុប មានចំនួន ១.៧៨ លានគណនី។ សមតុល្យសរុបកើនឡើង ១.៨% ឈានដល់ ៣៦.១៨ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទីបីនេះ៕





