យល់ដឹងពីជំនួញ៖ អគ្គលេខាធិការភូមិ១ ផលិតផល១ លើកទឹកចិត្តផលិតកម្មតូចខ្នាត ដំឡើងកម្រិតការផលិតឱ្យកាន់តែមានស្តង់ដារ និងចុះបញ្ជី ច.ប.ផ ដើម្បីធានាថាផលិតផលមានគុណភាព សុវត្ថិភាព និងមានទីផ្សារល្អ (Video inside)
09-11-2025 07:10
(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានលើកទឹកចិត្តដល់ផលិតកម្មតូចខ្នាតលក្ខណៈគ្រួសារ ដំឡើងកម្រិតការផលិតឱ្យកាន់តែមានស្តង់ដារ ដើម្បីអាចឈានទៅចុះបញ្ជីផលិតផល (ច.ប.ផ) និងទទួលបានស្តង់ដារ ដែលជាមធ្យោមួយជួយពង្រីកទីផ្សារកាន់តែល្អប្រសើរ និងធានាការផលិតឱ្យមាននិរន្តភាព។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ ការផលិត និងកែច្នៃចំណីអាហារមានបរិមាណច្រើនគួរឱ្យកត់សម្គាល់។ បើតាមការចុះចងក្រងផលិតផល ភូមិ១ផលិតផល១ នាពេលកន្លងមក ក្នុងចំណោមជិត១ពាន់ផលិតផល ក្នុងនោះជាង៦០% គឺជាផលិតផលក្នុងវិស័យចំណីអាហារ និងភេសជ្ជៈ ដែលក្នុងចំណោមនោះ ភាគច្រើន គឺចេញពីផលិតកម្មលក្ខណៈគ្រួសារខ្នាតតូច ។
តែយ៉ាងនេះក្តី លោកកត់សម្គាល់ថា ការយល់ដឹងពី កត្តាអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ម្ចាស់ផលិតកម្មខ្នាតតូចទាំងនោះនៅមានកម្រិត។ ដូច្នេះហើយ លោកលើកទឹកចិត្តដល់ ផលិតករខ្នាតតូចទាំងអស់ លើកកម្ពស់ការផលិតរបស់ខ្លួន ដើម្បីអាចឈានទៅដល់កម្រិតមួយអាចចុះបញ្ជីផលិតផល(ច.ប.ផ) នៅក្រសួងឧស្សាហកម្មបាន ដើម្បីធានាថាផលិតផលដែលផលិតបានមានគុណភាព និងសុវត្ថិភាព ទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលធ្វើឱ្យផលិតផលរបស់ខ្លួនកាន់តែមានទីផ្សារទូលំទូលាយ។
ហើយបន្ថែមពីនេះ ត្រូវដំឡើងកម្រិតនៃការផលិតរបស់ខ្លួន ឱ្យស្របតាមស្តង់ដារ ដើម្បីឱ្យផលិតផលនោះ ទទួលស្គាល់ជាលក្ខណៈស្តង់ដារកម្ពុជា CS និងស្តង់ដារអន្តរជាតិ ISO ជាដើម ដែលឈានទៅចាប់ទីផ្សារនៅក្រៅប្រទេស។
លោកមានប្រសាសន៍ថា ប្រសិនបើម្ចាស់អាជីវកម្មធានាបាននូវការផលិតប្រកបដោយគុណភាព និងសុវត្ថិភាព នោះនឹងមានទីផ្សារកាន់តែល្អប្រសើរ ខណៈគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានព្យាយាមស្វែងរកទីផ្សារសម្រាប់ផលិតផលទាំងនោះ។ ជាក់ស្តែងកន្លងមក គណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានសហការជាមួយក្រុមហ៊ុនតូតាល់ ឱ្យជួយយកផលិតផលភូមិ១ផលិតផល១ មួយចំនួនដាក់លក់ក្នុងម៉ាត របស់ពួកគេ, និងជំរុញឱ្យផ្សារផលិតផលខ្មែរ នៅខេត្តសៀមរាប ជួយស្រូបយកផលិតផលខ្មែរ និងផលិតផលភូមិ១ផលិតផល១ យកមកដាក់លក់ ព្រមទាំងជួយសម្របសម្រួលជាមួយ បណ្តាផ្សារទំនើបមួយចំនួន ដើម្បីឱ្យផលិតផលដែលកើតពីការផលិតនៅតាមមូលដ្ឋានទាំងនោះ អាចដាក់លក់នៅលើផ្សារទំនើបបាន៕







