ការស្រាវជ្រាវរបស់ ADB បង្ហាញថា ពន្ធគយរបស់អាមេរិកលើទំនិញនាំចូលពីកម្ពុជា ប៉ះពាល់តិចតួចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ តែពន្យឺតកំណើនសេដ្ឋកិច្ចកម្ពុជា

11-11-2025 08:27

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្សព្វផ្សាយនូវឯកសារស្រាវជ្រាវគោលនយោបាយ ដោយធ្វើការពិនិត្យមើលផលប៉ះពាល់លើភាពក្រីក្រនៃពន្ធគយរបស់អាមេរិក លើទំនិញនាំចូលពីកម្ពុជា។

តាមរយៈឯកសារនេះ ADB ពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គមនៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។

បើតាម ADB, ឯកសារស្រាវជ្រាវ ដែលមានចំណងជើង ផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា នេះត្រូវបានចងក្រងដោយមានការគាំទ្រពី វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ឯកសារនេះពិនិត្យលើករណីកម្រិតពន្ធគយចំនួនបីគឺ ទាប (១០%) មធ្យម (១៩%) និងខ្ពស់ (៣៦%) និងផលប៉ះពាល់របស់វាដល់កំណើនសេដ្ឋកិច្ច ការងារ ភាពក្រីក្រ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា។ ការវិភាគបង្ហាញថាពន្ធគយ ១៩% ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសម្រេចបានពីការចរចាទ្វេភាគី ក្នុងខែសីហា ឆ្នាំ២០២៥ នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ប៉ុន្តែការស្រាវជ្រាវនេះក៏រំលេចដែរថា ស្ថានភាពនៅតែមិនច្បាស់លាស់ និងផុយស្រួយ។ ពន្ធគយខ្ពស់នឹងពន្យឺតកំណើនសេដ្ឋកិច្ចជិត ១ភាគរយ ធ្វើឱ្យពលរដ្ឋប្រមាណ ១០០ ០០០នាក់ អត់ការងារធ្វើ និងបង្កើនអត្រាភាពក្រីក្រលើសពី ១ភាគរយ ដែលអាចទាញថយក្រោយនូវការវិវត្តថ្មីៗរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ។ ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេស សម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិច ដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យដែលមានប្រាក់ចំណូលទាបជាងមុន ដូចជាវិស័យកសិកម្ម និងសេវាកម្មទូទៅ។

សេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ដែលជាអ្នកដឹកនាំចងក្រងឯកសារស្រាវជ្រាវនេះមានប្រសាសន៍ថា «មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល និង វិស័យឧស្សាហកម្ម កំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថា ពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ ប៉ុន្តែអត្រាពន្ធ ១៩% ក្នុងពេលបច្ចុប្បន្ន គឺមិនអីទេ។»

ឯកសារស្រាវជ្រាវនេះ ប្រើប្រាស់គំរូសិក្សាសេដ្ឋកិច្ចរបស់មជ្ឈមណ្ឌលសិក្សា គោលនយោបាយរបស់សាកលវិទ្យាល័យ Victoria និងទិន្នន័យអង្កេតគ្រួសារចុងក្រោយបង្អស់ពីវិទ្យាស្ថានជាតិស្ថិតិរបស់កម្ពុជា។ ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថា បើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះ បណ្តោះអាសន្ន រួមមានជំនួយសង្គម សេវាកម្មការងារ និងកម្មវិធីបណ្តុះបណ្តាល អាចត្រូវបានពង្រឹងដើម្បីសម្រួលការប្រែប្រួលទីផ្សារការងារ និងការពារពលរដ្ឋដែលងាយរងគ្រោះ។

ក្នុងរយៈពេលវែងជាងនេះ ការវិនិយោគដែលកំពុងបន្ត លើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច តាមរយៈហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកំណែទម្រង់អាជីវកម្ម នឹងកសាងភាពធន់របស់កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត៕