ទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក មានទឹកប្រាក់ជាង ១០.៧ពាន់លានដុល្លារ កើនឡើង២៧% ក្នុងរយៈពេល១០ខែឆ្នាំនេះ (Video inside)
11-11-2025 14:25
(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទឹកប្រាក់ជាង ១០.៧ពាន់លានដុល្លារកើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ជាង៨.២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក មានតម្លៃ១០.៤ពាន់លានដុល្លារ កើនឡើង២៦.៤% ខណៈការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ មានតម្លៃជាង ៣២៦លានដុល្លារ កើនឡើង៤៩.៧%។
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាណល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសក្រោយពេលដែលប្រទេសពីរ បានអនុវត្តពន្ធបដិកាថ្មី ដែលបានចូលជាធរមាន កាលពីដើមខែសីហា។ ក្នុងខែតុលាកន្លងទៅនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកសម្រេចបានជាង ១.១ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានតម្លៃ ១.១ពាន់លានដុល្លារ កើនឡើង៤៣.៦% បើធៀបនឹងកាលពីឆ្នាំ២០២៤ មានទំហំ ត្រឹមជាង៦២៥លានដុល្លារប៉ុណ្ណោះ។
ចំណែកការនាំចេញពីអាមេរិក មកកាន់កម្ពុជាវិញមានទំហំទឹកប្រាក់ជាង ៤២លានដុល្លារ កើនឡើង៧២.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ជាង ២៤លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងដែរ សហរដ្ឋអាមេរិក នៅតែជាទីផ្សារចម្បងសម្រាប់កម្ពុជា ដោយការនាំចូលភាគច្រើន គឺសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំផ្សេងៗ។
សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការចរចាជាបន្តបន្ទាប់ សហរដ្ឋអាមេរិកបានសម្រេចទម្លាក់អត្រាពន្ធបដិកាពី៤៩% ដល់១៩% ចំពោះទំនិញកម្ពុជានាំចូលទីផ្សារអាមេរិក ខណៈកម្ពុជា បានសម្រេចទម្លាក់អត្រាពន្ធត្រឹម ០% សម្រាប់ទំនិញអាមេរិកនាំចូលកម្ពុជា៕





