វិនិយោគិនជប៉ុនមកពីចម្រុះវិស័យចំនួន៦០ ក្រុមហ៊ុន ស្វែងរកឱកាសសម្រាប់ការផ្គូផ្គងអាជីវកម្មជាមួយវិនិយោគិនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទាំង២

12-11-2025 15:55

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីជំនួបធុរកិច្ចរវាងវិនិយោគិនកម្ពុជា និងជប៉ុនដោយមានការចូលរួមពីក្រុមហ៊ុនចំនួន ៦០ មកពីវិស័យចម្រុះ រួមមាន សហគ្រាសធុនតូច និងមធ្យម ផលិតកម្ម កសិកម្ម អចលនទ្រព្យ សំណង់ គ្រឿងសំអាង ប្រព័ន្ធព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ការរចនាស្ថាបត្យកម្ម និងការប្រឹក្សាយោបល់។

កម្មវិធីជំនួបធុរកិច្ចលើកទី៤ បានប្រព្រឹត្តឡើងនៅការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា។ ព្រឹត្តិការណ៍នេះបន្តពីព្រឹត្តិការណ៍ជោគជ័យក្នុងឆ្នាំ២០១៩ ២០២២ និង២០២៣។

លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់ហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា កម្មវិធីជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំដោយធនាគារ អេស៊ីលីដា និងសមាគមន៍ជប៉ុន-កម្ពុជា ដោយកន្លងមកបានរៀបចំឡើងចំនួន បីដង រួចមកហើយ ដោយលើកទីមួយ ប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លើកទីពីរនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ និងលើកទីបី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រីបន្ថែមថា «ថ្ងៃនេះ គឺជាលើកទីបួន របស់ស្ថាប័នយើងទាំងពីរ ហើយធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការទាក់ទាញវិនិយោគិនជាច្រើនមកពីវិស័យផ្សេងៗគ្នា ចំនួន ៦០ ក្រុមហ៊ុន ដើម្បីចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ ដោយការចូលរួមមានវិនិយោគិនក្នុងស្រុក និងវិនិយោគិនជប៉ុន ដូចជា វិស័យសហគ្រាសធុនតូច និងមធ្យម ផលិតកម្ម កសិកម្ម អចលនទ្រព្យ ឧបករណ៍ និងសម្ភារៈសំណង់ គ្រឿងសំអាង ប្រព័ន្ធព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ការរចនាស្ថាបត្យកម្ម សេវាកម្មប្រឹក្សាយោបល់ និងវិស័យផ្សេងៗទៀត»

លោកស្រីបន្ថែមថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខក្នុងប្រទេសកម្ពុជា ធនាគារ អេស៊ីលីដា ប្ដេជ្ញាចិត្តក្នុងការជំរុញការរីកចម្រើន និងនវានុវត្តន៍ ហើយកិច្ចសហការរបស់ស្ថាប័នទាំងពីរ និងផ្តល់នូវមធ្យោបាយកាន់តែប្រសើរដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានដៃគូពាណិជ្ជកម្ម ការវិនិយោគ និងភាពជាដៃគូលើបច្ចេកវិទ្យាថ្មីៗ។

លោកស្រីបន្តថា កម្មវិធីនេះបម្រើជាវេទិកាសម្រាប់ផ្លាស់ប្តូរចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ជំនាញបច្ចេកទេស និងនវានុវត្តន៍ដែលចាំបាច់សម្រាប់ភាពជោគជ័យក្នុងធុរកិច្ច។ ហើយកម្មវិធីនេះទៀតសោត ក៏បើកឱកាសដល់វិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ដើម្បីធ្វើការណែនាំពីកិច្ចការវិនិយោគរវាងគ្នាទៅវិញទៅមកផងដែរ។ ការជួបជុំគ្នានាពេលនេះ ពង្រឹងចំណងមិត្តភាព និងចំណងធុរកិច្ចដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដោយជំរុញឱ្យមានវិបុលភាពទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជា នឹងពិភាក្សា និងស្វែងរកឱកាសសម្រាប់ការផ្គូផ្គងអាជីវកម្ម និងកិច្ចសហការ ដើម្បីគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕