គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ដែលមានទុនជិត២០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យកមកពិនិត្យពិភាក្សា

12-11-2025 21:32

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២។

កិច្ចប្រជុំនេះបានរៀបចំឡើងក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៩៥ លានដុល្លារអាម៉េរិក នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការស្រូបយកគម្រោងវិនិយោគមកបណ្តាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ, ព្រមទាំងអាចបង្កើតការងារលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, បង្កើនផលិតផលក្នុងស្រុក, បង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ មានទីតាំងស្ថិតនៅស្រុកជុំគីរី ខេត្តកំពត និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕