កម្ពុជា-សិង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code
13-11-2025 11:52
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាលទី១ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាអាចស្កេន QR Code នៅក្នុងប្រទេសសិង្ហបុរី។
ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងកម្ពុជា និងសិង្ហបុរីនេះធ្វើឡើងនៅក្នុងឱកាស នៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី រៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ ថ្លៃទំនិញនិងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព»។
លោកស្រីបណ្ឌិតបានបន្ដថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគី រវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនេះនឹង រួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយបណ្ណក៏ដូចជា ការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្តល់លទ្ធភាពក្នុងការ ទូទាត់ភ្លាមៗ។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ការណ៍នេះពិតជាចាំបាច់ណាស់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាពរវាងប្រទេសទាំងពីរ»។
សូមជម្រាបថា គម្រោងទូទាត់ឆ្លងដែននេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារហ្វីលីព ភីអិលស៊ី និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group។
ការណ៍នេះបានសបញ្ជាក់ពី ការចូលរួមយ៉ាងសំខាន់ របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រ ដល់ការសម្រេចបាននូវទស្សនវិស័យ រួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យវែងឆ្ងាយ របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក្នុងតំបន់ប្រកបដោយនវានុវត្តន៍៕













