មន្ដ្រីជាន់ខ្ពស់ CDC លើកទឹកចិត្តឱ្យវិនិយោគិនចិន គិតគូរពីការវិនិយោគផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់

13-11-2025 16:12

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ Baiyi Club​ ដឹកនាំដោយលោក វ៉ាង យ៉ុង (Wang Yong) ប្រធានក្រុមហ៊ុន TopBrand Union, ស្ថាបនិក Baiyi Club និងជាប្រធាន China Brand Festival ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានឥទ្ធិពលមួយនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយម៉ាកយីហោចិនល្បីៗ ក្នុងវិស័យឧស្សាហកម្មផ្សេងៗ។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានកត់សម្គាល់ឃើញថា វត្តមានរបស់ម៉ាកយីហោល្បីៗរបស់ចិន កំពុងតែលេចឡើង និងមានប្រជាប្រិយភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យយានយន្ត និងគ្រឿងអេទ្បិចត្រូនិច។ តាមរយៈជំនួបលើកនេះ លោកអគ្គលេខាធិការសង្ឃឹមថា គណៈប្រតិភូដែលជាសមាជិក នៅក្នុងសម្ព័ន្ធធុរកិច្ច Baiyi Club នឹងនាំយកម៉ាកល្បីៗរបស់ចិន ក៏ដូចជាជំរុញវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីទំនាក់ទំនងការទូត និងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកក៏បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានភាពបើកចំហ និងអំណោយផល ដោយឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគ។ រីឯ ទំហំវិនិយោគរបស់ចិន នៅតែរក្សាបាននូវចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេលមួយទស្សវត្សរ៍នេះ។

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនថា កម្ពុជាបានមានគំនិតផ្តួចផ្តើមឧស្សាហកម្មសមាហរណ (Integrated Industrial Initiative) សំដៅចាប់យកនូវការវិនិយោគរបស់ចិន ក្នុងចង្កោមឧស្សាហកម្មដែលអាចធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។ ក្នុងន័យនេះ អគ្គលេខាធិការ បានស្នើឱ្យគណៈប្រតិភូគិតគូរពីការវិនិយោគ ក្នុងការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងមានសក្តានុពលខ្ពស់។

លោក វ៉ាង យ៉ុង បានជម្រាបជូនពីសាវតារបស់ Baiyi Club ដែលត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៩៦ ដើម្បីចងក្រងជាសម្ព័ន្ធធុរកិច្ចចិនផ្តោត ទៅលើការអភិវឌ្ឍម៉ាកយីហោ (Brand) ឱ្យមានលក្ខណៈអន្តរជាតិ ជាពិសេសការស្វែងរកទីផ្សារដែលទើបតែងើបទ្បើង។ បច្ចុប្បន្ន Baiyi Club មានសមាជិកជាសហគ្រាសធំៗជាច្រើន ដែលមានកម្មវត្ថុអាជីវកម្ម ក្នុងវិស័យមួយចនួនដូចជា យានយន្ត បរិស្ថាន មូលប័ត្រ និងការផលិតបរិក្ខារវេជ្ជសាស្ត្រ។ល។

លោក វ៉ាង យ៉ុង បានធ្វើការកត់សម្គាល់ថា កម្ពុជាមានកណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស, មានស្ថិរភាពនយោបាយ, សំបូរធនធានធម្មជាតិ ហើយមានទីតាំងភូមិសាស្ត្រអំណោយផលដល់ការទាក់ទាញវិនិយោគ។

ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូក៏បានសម្តែងនូវចំណាប់អារម្មណ៍របស់ខ្លួន និងបានសួរនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យមួយចំនួន។ ជារួម សមាជិកគណៈប្រតិភូបានកត់សម្គាល់ឃើញថា កម្ពុជាមាន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ហើយបរិស្ថានវិនិយោគនៅកម្ពុជាពិតជាមានភាពអំណោយផល។ លើសពីនេះ សមាជិកគណៈប្រតិភូបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕