អ្នកជំនាញទេសចរណ៍ ចង់ឱ្យរដ្ឋាភិបាល និងវិស័យឯកជន បង្កើនការផ្សព្វផ្សាយវីដេអូជាភាសាអង់គ្លេសឱ្យបានច្រើន ខណៈបច្ចុប្បន្ននេះ កម្ពុជាទទួលបានការភ្ជាប់ជើងហោះហើរ គោលដៅថ្មីៗយ៉ាងច្រើន (Video inside)
14-11-2025 13:34
(ភ្នំពេញ)៖ ឧកញ៉ា សៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ខ្លួនចង់ឱ្យរដ្ឋាភិបាល និងវិស័យឯកជន បង្កើនការផ្សព្វផ្សាយវីដេអូជាភាសាអង់គ្លេសឱ្យបានច្រើន ខណៈបច្ចុប្បន្ននេះកម្ពុជា ទទួលបានការភ្ជាប់ជើងហោះហើរ គោលដៅថ្មីៗយ៉ាងច្រើន។
ការលើកឡើងរបស់ឧកញ៉ា សៀត មុំសុភា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការធ្វើទីផ្សារដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា»។
ឧកញ៉ា សៀត មុំសុភា បានថ្លែងឲ្យដឹងថា កន្លងមកកម្ពុជាពិតជាបានបង្កើនការផ្សព្វផ្សាយជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកប្រទេសកម្ពុជា ប៉ុន្ដែប្រសិទ្ធភាពនៃការផ្សព្វផ្សាយមានកម្រិតនៅឡើយ។ និយាយចំពោះវិស័យឯកជន ពិតជាបានរៀបចំខ្លួនរួចរាល់ ជាកញ្ចប់យ៉ាងពិសេសក្នុងការត្រៀមទទួលភ្ញៀវទេសចរ ប៉ុន្ដែទោះជាយ៉ាងនេះក្ដីវិស័យឯកជនក៏ត្រូវការការជ្រោមជ្រែងពីវិស័យរាជរដ្ឋាភិបាល ក្នុងការផលិតវីដេអូផ្សព្វផ្សាយបន្ថែមទៀត ដែលវីដេអូផ្សព្វផ្សាយនេះ គឺសូមជាការប្រើប្រាស់ជាភាសាអង់គ្លេសក្នុងវីដេអូ។
ឧកញ៉ា សៀត មុំសុភា បានបញ្ជាក់ថា ចំពោះការផលិតវីដេអូជាភាសាអង់គ្លេសនេះ យើងគិតឃើញបន្ទាប់ពីមានការមើលឃើញថា បច្ចុប្បន្ននេះកម្ពុជាទទួលបានការភ្ជាប់ជើងហោះហើរ គោលដៅថ្មីៗយ៉ាងច្រើន ពីបណ្ដាប្រទេសជាច្រើនលើពិភាពលោក។ វិស័យឯកជនពិតជាមិនមានលទ្ធភាព ក្នុងការទៅធ្វើវិដេអូផ្សព្វផ្សាយទាំងនេះនោះទេ ដែលទាមទារចាំបាច់ និងត្រូវការការជួយជ្រោមជ្រែងពីវិស័យរដ្ឋ។
ឧកញ៉ាបានបញ្ជាក់ថា ជាការពិតនាពេលខាងមុខនេះ កម្ពុជានឹងមានការហោះហើរត្រង់ទៅជាមួយនឹងជប៉ុន ទួកគី អារ៉ាប់ ជាដើម ដែលទាំងនេះសុទ្ធសឹងតែជាទីផ្សារ ធ្វើឲ្យកំណើននៃភ្ញៀវទេសចរកើនឡើង ប៉ុន្ដែដើម្បីអាចទាញយកភ្ញៀវទេសចរមក ការផ្សព្វផ្សាយត្រូវតែទូលាយជាងមុន និងចំគោលដៅ ដែលទាំងនេះទាមទារឲ្យមានការចូលរួមទាំងវិស័យរដ្ឋ និងវិស័យឯកជន៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា សៀត មុំសុភា៖








