មេគយកម្ពុជា៖ ការបិទព្រំដែនផ្លូវគោកកម្ពុជា-ថៃ​ ជាឱកាសល្អសម្រាប់សហគ្រាសក្នុងស្រុក ប្រឹងប្រែងផលិត ខណៈទំនិញថៃមួយចំនួនធំ ដែលនាំចូលហើយ ត្រូវបង្ខំចិត្តនាំចេញទៅវិញ ព្រោះស្មារតីពហិការគ្មានអ្នកទិញ (Video inside)

14-11-2025 14:23

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា ការបិទព្រំដែនផ្លូវគោក កម្ពុជា-ថៃ ដែលបិទដោយយោធាថៃនោះ គឺជាឱកាសល្អដល់សហគ្រាសក្នុងស្រុក ក្នុងការប្រឹងប្រែងផលិតផលិតផលរបស់ខ្លួន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត គុណ ញឹម អញ្ជើញជាអធិបតីភាព ក្នុងវេទិកាគយកម្ពុជា លើកទី៣ ដែលរៀបចំដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

វេទិកាគយកម្ពុជា លើកទី៣ខាងលើនេះ ក៏មានការអញ្ជើញជាអធិបតីភាព ពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការសម្រសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្ដការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯក (គ.ស.ឯ.រ.ជ) ផងដែរ។

លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ជាឱកាសល្អមួយដែរ ដែលការបិទព្រំដែននេះ បានបង្កឱកាសឲ្យសហគ្រាស ក្នុងស្រុករបស់យើង ចាប់យកឱកាសនេះ ដើម្បីប្រឹងប្រែងផលិតទំនិញផ្គត់ផ្គង់ក្នុងស្រុក-ក្នុងទីផ្សារ ដែលពីមុនមកពឹងផ្អែកទាំងស្រុង ឬភាគច្រើន លើការនាំចូលពីប្រទេសថៃ»

បើតាមលោកបណ្ឌិត គុណ ញឹម, ព្រំដែនផ្លូវគោក កម្ពុជា-ថៃ ត្រូវបានបិទដោយយោធាថៃ ហើយបើគិតទៅរយៈពេល៥ខែមកហើយ នៃការបិទព្រំដែនផ្លូវគោកនេះ ហើយវាប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម និងប៉ះពាល់ដល់ការដឹកជញ្ជូនផ្សេងៗជាដើម។

ទន្ទឹមគ្នានេះ លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា មុខទំនិញដែលជាប់បម្រាមមកពីប្រទេសថៃ ដែលរួមមាន៖ បន្លែ និងផ្លែឈើ, ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដោយគិតចាប់ពីពេលអនុវត្ដបម្រាមនេះ គឺធ្លាក់ដល់សូន្យ ដោយគ្មានការនាំចូលនោះទេ។

លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងទៀតថា បើទោះបីជាទំនិញផ្សេងទៀត មិនជាប់បម្រាមក្ដី ក៏ប៉ុន្ដែការនាំចូលទំនិញពីប្រទេសថៃ មកលក់ក្នុងទីផ្សារប្រទេសកម្ពុជា គឺមានការធ្លាក់ចុះយ៉ាងគំហុក ដោយសារស្មារតីចលនាពហិការទំនិញរ​បស់ថៃ។

លោកបណ្ឌិត គុណ ញឹម បានសង្កេតឃើញថា ទីផ្សារមួយចំនួន ដែលធ្លាប់តែចែកចាយទំនិញរបស់ថៃ គឺលក់មិនចេញ ដែលទំនិញនាំចូលមកហើយ តែលក់មិនចេញ ត្រូវបង្ខំចិត្ដនាំចេញទៅវិញជាបន្ដបន្ទាប់ ហើយក្នុងបរិមាណមួយគួរសម ដូចជា៖ ភេសជ្ជៈ, សម្ភារ​ប្រើប្រាស់, គ្រឿងឧបភោគបរិភោគផ្សេងៗ។

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានថ្លែងថា ចលនាស្មារតីពហិការទំនិញថៃ គឺមានឥទ្ធិពលខ្លាំង ដែលទំនិញថៃយកមកហើយលក់មិនចេញ ដែលឃើញថា មានការបិទ ជាហូរហែបន្ដបន្ទាប់ ជាក់ស្ដែងដូចជា៖ ស្ថានីយ៍ប្រេងសាំង PTT មានភាពស្ងាត់ ទោះបីមានការទម្លាក់ផ្លាក និងប្ដូរឈ្មោះ ព្រមទាំងហាងលក់ទំនិញ និងហាងកាហ្វេជាដើម។

គូសបញ្ជាក់ថា ក្នុងខែតុលា ឆ្នាំ២០២៥ ការនាំចូលទំនិញពីថៃមកកាន់កម្ពុជា មានតម្លៃជាង ២៣៩លានដុល្លារ ថយចុះ១៩.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ២៩៨លានដុល្លារ។ នេះបើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.២ពាន់លានដុល្លារ ថយចុះ៩.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានតម្លៃជាង ៣.៥ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជា នាំចេញទៅថៃក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ១១.៥% ស្របពេលថៃ នាំចូលកម្ពុជាវិញមាន ២.៥ពាន់លានដុល្លារ ថយចុះ៨.៨%៕