យល់ដឹងពីជំនួញ៖ មន្រ្តីជាន់ខ្ពស់ CDC ប្រាប់ពីអត្ថប្រយោជន៍ និងកញ្ចប់អនុគ្រោះពិសេស ដែលរដ្ឋាភិបាលផ្តល់ជូនចំពោះការវិនិយោគ ក្នុងវិស័យកសិកម្ម​ ​ក្នុងនោះទទួលបានលើកទឹកចិត្តផ្នែកពន្ធរហូតដល់ ១៥ឆ្នាំ (Video inside)

16-11-2025 08:02

(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​បានលើកឡើងថា ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅស្រុក បណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បាន​គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានផ្តល់នូវកញ្ចប់អនុគ្រោះពិសេស ចំពោះការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា​ ដែលក្នុងនោះអ្នកវិនិយោគនឹងទទួលបានលើកទឹកចិត្តផ្នែកពន្ធរហូតដល់១៥ឆ្នាំ។

លោកបានពន្យល់ថា ច្បាប់វិនិយោគថ្មីដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០២១ ​មាន​ភាព​ចំហរ ​និង​បើក​ទូលាយ ​​ដែល​មាន​ការ​លើក​ទឹកចិត្ត ​និង​អនុគ្រោះ​ច្រើនជាងគេបំផុត​ បើ​ប្រៀបធៀប​បណ្តា​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​។ តាមរយៈច្បាប់នេះ រដ្ឋាភិបាលបានផ្តល់ការអនុគ្រោះ ជូនចំពោះអ្នកវិនិយោគក្នុងវិស័យកសិកម្ម ការកែច្នៃ ផលិតផលកសិចំណីអាហារទាំងអស់ ​នូវការលើកលែងពន្ធប្រាក់ចំណេញរហូតដល់៩ឆ្នាំ។

បន្ទាប់ពីរយៈពេល៩ឆ្នាំនេះ រដ្ឋាភិបាលនឹងផ្តល់ការអនុគ្រោះរយៈពេល ៦ឆ្នាំទៀតដល់វិនិយោគ ក្នុងការពន្ធបង់ពន្ធក្នុងអត្រាកំណើនមួយ ពោលគឺ២ឆ្នាំដំបូងបង់២៥% ២ឆ្នាំបន្ទាប់បង់៥០% និង២ឆ្នាំចុងក្រោយបង់៧៥% មុននឹងឈានទៅបង់១០០% (២០%នៃពន្ធលើប្រាក់ចំណេញ)។ ជារួមវិនិយោគិនក្នុងវិស័យកសិកម្ម នឹងអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធនេះរហូតដល់ ១៥ឆ្នាំ។

បន្ថែមពីនេះ ការនាំចូលគ្រឿងម៉ាស៊ីន គ្រឿងចក្រ គ្រឿងបរិក្ខាសម្រាប់កសិកម្ម ជីកសិកម្ម ពូជ ធាតុចូលផលិតកម្មដទៃទៀត នឹងអនុញ្ញាតឱ្យនាំចូលដោយរួចពន្ធ។ លើសពីនេះទៅទៀត ចំពោះការទិញចូលនូវ​កសិផលពីកសិករ នឹងមិនតម្រូវឱ្យបង់ពន្ធកាត់ទុក ឬ VAT ឡើយ​។ ​

​កាន់តែពិសេស ប្រសិនបើអ្នកវិនិយោគចំណាយទៅលើការបង្កើនប្រសិទ្ធភាព ផលិតភាព ក្នុងការផលិត ការកែច្នៃ​ ក្នុងវិស័យកសិឧស្សាហកម្ម រួមទាំងការចំណាយទៅលើសុខុមាលភាពកម្មករក្នុងរោង​ចក្រ អាចយកមកទូទាត់ កាត់សងលើពន្ធបាន ១៥០%។ ក្រៅពីការលើកទឹកចិត្តទាំងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានខិតខំផ្តល់នូវសេវាថែទាំចំពោះវិនិយោគិន តាមគោលនយោបាយនានាផងដែរ៕

សូមស្តាប់ការពន្យល់បន្ថែម លោក សួន សុផល៖