ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានី​ភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែធ្នូ​ខាងមុខនេះ

17-11-2025 13:40

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងចាប់ផ្តើមបើកការហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ បន្ទាប់មើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងក្រោមម្លប់សុខសន្តិភាព។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការតភ្ជាប់ជើងហោះហើរថ្មីបន្ថែមមួយទៀតនេះ គឺជាសមិទ្ធផលថ្មីក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ​​។

​ការទាក់ទាញបាននូវជើងហោះហើរពីទីក្រុង Istanbul ​គឺក្រោយមានវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប ​ដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ការហោះហើរត្រង់នេះ បង្កឱ្យមានលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ទៅតំបន់អឺរ៉ុប តាមរយៈទីក្រុង Istanbul ប្រទេសតួកគីយ៉េ ដែលជាមជ្ឈមណ្ឌលនៃការតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប យ៉ាងងាយស្រួល។

ការសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ​ នឹងជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរដល់គោលដៅជាង ៣៥០កន្លែងដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ​និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុបហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយ​៕