និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងឱ្យអ្នកធ្វើអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវមកស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ
20-11-2025 14:06
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចេញសេចក្តីជូនដំណឹងប្រាប់ឱ្យម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ទាំងអស់ ដែលធ្វើអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំស្នើអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងបញ្ជាក់ថា ការធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ឌ គឺជាអំពើល្មើស ដែលត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិជាធរមាន។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា ប្រភេទអាជីវកម្មដែលត្រូវស្នើសុំអាជ្ញាបណ្ណ ដូចខាងក្រោម៖
* អាជីវកម្មអភិវឌ្ឍលំនៅឋាន រួមមាន៖ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងភូមិគ្រឹះជាដើម
* អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ រួមមាន៖ អគារខុនដូ អគារការិយាល័យ អគារផ្សារ និងអគារពហុមុខងារ
* អាជីវកម្មអភិវឌ្ឍដីឡូត៍ រួមមាន៖ ដីឡូត៍លំនៅឋាន ដីឡូត៍លម្លៃ និងដីឡូត៍ចម្ការ ជាដើម
* អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ រួមមាន៖ សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្ម ភ្នាក់ងារអចលនវត្ថុ
* អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន គឺជាសកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យ ទៅដាក់បញ្ចាំ ឬធ្វើអនុប្បទានសិទ្ធិលើចលនវត្ថុរបស់ខ្លួន ជូនដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖





