អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ប្រសិនបើកម្ពុជាប្រើប្រាស់យន្តហោះចិន អាចនឹងទទួលបានជើងហោះហើរត្រង់ពីទីក្រុងនានារបស់ចិនបន្ថែមទៀត ក៏ដូចជាការបន្ធូរបន្ថយនិតិវិធីមួយចំនួន (Video inside)
21-11-2025 13:57
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ប្រសិនបើកម្ពុជាប្រើប្រាស់យន្តហោះចិន អាចនឹងទទួលបានជើងហោះហើរត្រង់ពីទីក្រុងនានារបស់ចិនបន្ថែមទៀត ក៏ដូចជាការបន្ធូរបន្ថយនិតិវិធីមួយចំនួន។
ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «តុល្យភាពរវាងមហាអំណាចអាមេរិក និងចិន លើការប្រើប្រាស់យន្តហោះ ក្នុងវិស័យអាកាសចរណ៍កម្ពុជា»។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ការប្រើប្រាស់យន្ដហោះ គឺអាស្រ័យលើទីផ្សារ និងការប្រើប្រាស់យន្ដហោះចិន គឺទីផ្សារអាស៊ាន និងទីផ្សារចិន ដែលផ្ដល់ភាពងាយស្រួលដល់ការចុះចត ស្នើសុំបទបញ្ញាត្តិផ្សេងៗ។ ដូចដែលយើងបានដឹងហើយថា ទីផ្សារចិន គឺតឹងតែងសម្រាប់ការហោះហើរចូល ប៉ុន្ដែប្រើប្រាស់យន្ដហោះចិន នោះភាពងាយស្រួលនឹងកើតឡើងចំពោះយើង។
លោកបានបន្ដថា «ភាគច្រើនមានអ្នកជាតិនិយម គាត់ចូលចិត្តហោះហើរជាមួយយន្ដហោះចិន ដូច្នេះសម្រាប់កម្ពុជា គឺត្រូវការពេលវេលាបន្ដិច ដើម្បីប្ដូរទម្លាប់កន្លងមក ដែលយល់ថា របស់ចិនមិនល្អ។ សម្រាប់យន្ដហោះ គឺប្រើប្រាស់ចម្រុះទាំងចិន និងយន្ដហោះលោកខាងលិច»៕







