ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់សាធារជនឱ្យចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅដើមខែធ្នូខាងមុខនេះឱ្យបានច្រើនកុះករ ស្វែងយល់ពីសក្តានុពលផលិតផលខ្មែរ (Video inside)

21-11-2025 15:55

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំងបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ រៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលប្រព្រឹត្តិទៅពីថ្ងៃទី ៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់ ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្មបានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។

លោកអំពាវនាវដល់សាធារណជន ចូលរួមពិព័រណ៍នេះឱ្យបានច្រើនកុះករ ព្រោះនៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផល របស់ដៃគូអន្តរជាតិរបស់យើងផងដែរ។

ក្រសួងពាណិជ្ជកម្ម នឹងផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះ ជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាព រស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការ តាំងបង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាពដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។

ក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍ CTExpo នៅឆ្នាំ នេះនឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួម ក្នុងព្រឹត្តិការណ៍ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលនឹងអាចទទួលក្រោមការរៀបចំ របស់នាយកដ្ឋានកិច្ចការពិព័រណ៍ និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ នឹងដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផល សម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។ ទន្ទឹមនេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជំរុញដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា។

CTExpo ក៏ស្វែងរកឱកាសក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយអ្នកចូលរួមពីអន្តរជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជាបន្ថែមទៀត។ តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជាជូន ដល់អ្នកទស្សនាជាតិនិងអន្តរជាតិ CTExpo នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយ ជាប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។

ក្រៅពីការដាក់តាំងបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូល CTExpo ក៏នឹងរៀបចំព្រឹត្តិការណ៍អមនានាបន្ថែមទៀត រួមមាន៖ ការតាំងបង្ហាញផលិតផល និងលក់ទំនិញ វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្ម ស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា វេទិកាប្រកួតប្រជែងសិស្សនិស្សិត និងការប្រគំតន្ត្រី។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ សេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។ ពាក្យ «យុគ សម័យថ្មី» ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវន្តនៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពី ការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០។

ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក គឺជាកត្តាចម្បងនៃបរិវត្តកម្មនេះ។ ផលិតករ អ្នកដាំដុះ និងសហគ្រិនកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន និងដោយផ្តោតលើគុណភាព នវានុវត្តន៍ និងប្រភពច្បាស់លាស់ ផលិតផលក្នុងស្រុក អាចប្រកួតប្រជែងបានយ៉ាង ប្រសើរទាំងនៅក្នុងទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ ការបង្កើនកិត្យានុភាពដល់ផលិតផលទាំងនេះ គឺមិនត្រឹម តែជួយបង្កើនប្រាក់ចំណូល សម្រាប់សហគ្រាសតូច និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយចូលរួមថែរក្សាបាននូវជំនាញប្រពៃណី និងការគាំទ្រការអភិវឌ្ឍ នៅតាមតំបន់ជនបទទូទាំងប្រទេសផងដែរ។

ដោយមានភាពជាដៃគូជាមួយក្រុមការងារជំរុញ ការនាំចេញនៃក្រសួងពាណិជ្ជកម្ម CTExpo ឆ្នាំ២០២៥ នេះនឹងផ្សាភ្ជាប់ទំនាក់ទំនងអ្នកផលិតក្នុងស្រុកជាមួយអ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបានឱកាសថ្មីៗ និងពង្រឹងវត្តមានរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

សូមជម្រាបថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៦មក ដោយទទួលបានជោគជ័យចំនួន១៧លើកមកហើយ។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពី គោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្ត ទុកដាក់លើគុណភាពខ្ពស់ និងភាពសាមញ្ញ៕