ទេសាភិបាលរង NBC: ប្រាក់រៀលបានរក្សានូវលំនឹងល្អ បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈប្រជាពលរដ្ឋប្រេីប្រាស់ប្រាក់រៀលកាន់តែច្រេីន

24-11-2025 17:56

(កំពង់ឆ្នាំង)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប្រាក់រៀលបានរក្សានូវលំនឹងល្អ បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈប្រជាពលរដ្ឋប្រេីប្រាស់ប្រាក់រៀលកាន់តែច្រេីន។

លោក យឹម លាត បានថ្លែងឲ្យដឹងថា វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល ដោយមានតម្លៃជាមធ្យមប្រមាណ៤០៥០ រៀលក្នុង១ដុល្លារ នៅក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ដែលបានរួមចំណែកលើកការបង្កើនទំនុកចិត្ត ប្រាក់រៀលដល់អ្នកប្រើប្រាស់។

ការលេីកឡេីងរបស់លោក យឹម លាត ទេសាភិបាលធ្វេីឡេីងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចឃ្យូអរ» នៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

លោក យឹម លាត បានថ្លែងថា ជុំវិញការលើកកម្ពស់ប្រាក់រៀលនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជាការងារអាទិភាព មួយជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ ក្រោយកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាលទ្ធផល, និន្នាការនៃការប្រើប្រាស់ប្រាក់រៀលក៏មានការកើនឡើងជាលំដាប់។

លោកបានបន្តថា វឌ្ឍនភាពនៃកំណើនការប្រើប្រាស់ប្រាក់រៀលនេះ និងការរក្សាបាននូវលំនឹងល្អនៃតម្លៃប្រាក់រៀល ដោយមាន តម្លៃជាមធ្យមប្រមាណ ប្រមាណ៤០៥០រៀល ក្នុង១ដុល្លារ នៅក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ វាបានជួយទប់ស្កាត់កម្រិតដុល្លា រូបនីយកម្មមិនឱ្យកើនឡើងទៀត ទោះបីជាការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត ដែលការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់បើធៀបនឹងប្រាក់រៀលក៏ដោយ។

លោកបានបន្ដថា នេះគឺជាមេរៀនប្រវត្តិសាស្រ្តដែលបានបង្ហាញថាការបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លីតែការស្តារទំនុកចិត្តឡើងវិញ គឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា។

យោងតាមលទ្ធផលសិក្សាស្រាវជ្រាវ រវាងធនាគារជាតិនៃកម្ពុជា និង JICA កាលពីឆ្នាំ២០១៧
បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។

ចំណែកលទ្ធផលសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP ក្នុងឆ្នាំ២០២៣ បានបង្ហាញថា កម្មករ និយោជិតរោងចក្រដែលរស់នៅតាមបណ្តាខេត្ត ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេសទៅ លើការស្នាក់នៅ ថ្លៃទឹក-ភ្លើង ការធ្វើដំណើរ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវជាដើម។

ចំណែកកម្មករនិយោជិតរស់នៅទីក្រុង ចាយ វាយជាប្រាក់ រៀលមានអត្រា ៨២% នៃចំណាយសរុប។

ដោយឡែកប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ប្រព័ន្ធបាគង គឺជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើ ប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុង តំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

ចំណែក KHQR បាន សម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ។ បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនតាមរយៈការស្កេន QR Code ជាប្រាក់រៀល តាមរយៈកម្មវិធីសេវា ធនាគារតាមទូរស័ព្ទ ដោយមិនចាំបាច់ប្តូរទៅជារូបិយប័ណ្ណនៅក្រៅប្រទេសនោះទេ៕