IMF ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាថានឹងសម្រេចបានក្នុងអត្រា ៤.៨%នៅឆ្នាំ២០២៥ និង ៤% នៅឆ្នាំ២០២៦ (Video inside)
27-11-2025 08:28
(វ៉ាស៊ីនតោនឌីស៊ី)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤.៨% នៅឆ្នាំ២០២៥ និង ៤.០% នៅឆ្នាំ២០២៦ ដោយសារភាពប្រែប្រួលនៃការនាំចេញ ការធ្លាក់ចុះនៃប្រាក់បញ្ញើ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
IMF បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបានបង្ហាញកំណើនយ៉ាងលឿននៅឆ្នាំ ២០២៤ ដោយបានឈានដល់ ៦.០% ដែលជំរុញដោយការងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញសម្លៀកបំពាក់ និងកសិកម្ម និងការងើបឡើងវិញជាបន្តបន្ទាប់នៃវិស័យទេសចរណ៍។ ហើយនិន្នាការនេះបានបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ ២០២៥នេះ ដោយមានការប៉ាន់ស្មានថ្មីៗនេះថានឹងមានកំណើនប្រចាំឆ្នាំ ៦.២%។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់ពាណិជ្ជកម្ម ភាពតានតឹងព្រំដែន និងកំណើនឥណទានមិនដំណើរការ បានបង្ហាញពីភាពងាយរងគ្រោះរបស់សេដ្ឋកិច្ច ហើយសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចកំពុងលេចចេញជារូបរាងនៅឆមាសទីពីរនៃឆ្នាំ ២០២៥។ ដូច្នេះហើយ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៤.៨ ភាគរយនៅឆ្នាំ២០២៥ និងបន្តថយចុះដល់ប្រហែល ៤.០ ភាគរយនៅឆ្នាំ ២០២៦។
ការធ្លាក់ចុះនេះ ដោយការធ្លាក់ចុះនៃប្រាក់បញ្ញើ និងការធ្លាក់ចុះនៃវិស័យទេសចរណ៍។ ជាមួយគ្នាផលប៉ះពាល់ពន្ធ នឹងធ្វើឱ្យប្រាក់ចំណូលនាំចេញថយចុះ ខណៈដែលក្រុមហ៊ុនផលិតក៏ប្រឈមមុខនឹងសម្ពាធ។
ទន្ទឹមគ្នានេះ ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មអាចរំខានដល់កំណើននាំចេញបន្ថែមទៀត។ ភាពតានតឹងព្រំដែន អាចធ្វើប៉ះពាល់ដល់ទំនុកចិត្ត ដែលបង្កើនផលប៉ះពាល់អវិជ្ជមានដល់តម្រូវការក្នុងស្រុក ទេសចរណ៍ និងស្ថិរភាពវិស័យហិរញ្ញវត្ថុ។ បំណុលឯកជនកើនឡើង ស្របជាមួយនឹងការកើនឡើងនៃឥណទានមិនដំណើរការ(NPLs) និងភាពងាយរងគ្រោះនៃអភិបាលកិច្ច ដែលអាចបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុបន្ថែមទៀត។
ចំណែកអតិផរណាត្រូវបានព្យាករថានឹងកើនឡើងបន្តិចបន្តួចនៅឆ្នាំ២០២៥ មុនពេលថយចុះវិញនៅឆ្នាំ ២០២៦។
IMF បានលើកឡើងថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ត្រូវប្រុងប្រយ័ត្ន រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ក្នុងការការពារស្ថិរភាព និងពង្រឹងភាពធន់។ វិធានការរយៈពេលខ្លីគួរតែទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ និងពង្រឹងសម្រាប់ការប្រកួតប្រជែងរយៈពេលមធ្យម៕




