អ្នកឧកញ៉ា គិត ម៉េង អំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ចុះកិច្ចសន្យាជាមួយ ACU ដើម្បីការពារគ្នាទៅវិញទៅមក និងលុបបំបាត់អំពើពុករលួយ បង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា (Video inside)

27-11-2025 15:26

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ទៅចុះកិច្ចសន្យាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីការពារគ្នាទៅវិញទៅមក និងលុបបំបាត់អំពើពុករលួយ។

បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង ​បានលើកឡើងថា ការធ្វើបែបនេះនឹងបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុន នៅក្នុងប្រទេសកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការ កំណែទម្រង់ មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន, អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវផ្នែកឯកជន-ក្រុមហ៊ុនទាំងអស់ ទៅចុះកិច្ចសន្យាជាមួយ ACU ដើម្បីការពារគ្នា ទៅវិញទៅមក កុំឲ្យមានអំពើពុករលួយ ដើម្បីឲ្យអ្នកវិនិយោគធំៗមកបណ្ដាក់ទុន»។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា បំណងអ្នកវិនិយោគអន្ដរជាតិធំៗ ដែលចង់បាន និងចង់មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា គឺចង់បានភាពត្រឹមត្រូវ ស្មើភាពគ្នា ដោយគ្មានអំពើពុករលួយ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ​បានគូសបញ្ជាក់ថា រដ្ឋាភិបាល គឺជានិយ័តករ មិនមែនជាអ្នកប្រតិបត្ដិករនោះទេ ហើយវិស័យឯកន ជាអ្នកប្រតិបត្ដិករ ដើម្បីរកចំណូលជូនដល់រដ្ឋាភិបាល និងផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋ៕