អគ្គនាយក ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ និងអំពាវនាវឲ្យកសិករ បង្កើនការវិនិយោគលើវារីវប្បកម្ម ឆ្លើយតបតម្រូវការទីផ្សារ និងកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង

27-11-2025 18:36

(កោះកុង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥បាន អញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពុងនិងត្រីតុកែ ដែល ជាការវិនិយោគ ដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌិសីម៉ា ខេត្តកោះកុង។

នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះ ដែរ បណ្ឌិត កៅ ថាច ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង ជាពិសេសបច្ចុប្បន្ននេះ តម្រូវការនៃទីផ្សារមានច្រើន ណាស់លើវិស័យវារីវប្បកម្មដែលទាមទារឲកសិករយើង ត្រូវមានការចិញ្ចឹមបែបពាណិជ្ជកម្មឲ្យបានច្រើន ឆ្លើយតបនិងតម្រូវការ អ្នកបរិភោគក្នុងស្រុក។

បន្ទាប់ពីស្តាប់ការណែនាំពីបណ្ឌិត កៅ ថាច ពីសក្តានុពល វិស័យវារីវប្បកម្មរួចមក ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឆ្ពុងនិងត្រីតុកែ ខាងលើ បានទទួលស្គាល់ថា មុនការបិទព្រំដែនរវាងកម្ពុជានិងសៀម ការនាំចូលត្រីតាមច្រកព្រំដែនមកលក់នៅខេត្តកោះកុងមានបរិមាណច្រើន ប៉ុន្តែសព្វថ្ងៃនេះ បន្ទាប់ពីបិទព្រំដែនកន្លងមកហើយឥឡូវនេះ ក្នុងខេត្តកោះកុង ការចិញ្ចឹមត្រីមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយទេ ។

សម្រាប់ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបានទទួលស្គាល់ថា ទីផ្សារពិតជាខ្វះពិតប្រាកដមែន ការផ្គត់ផ្គង់ជាពិសេសប្រភេទត្រីឆ្ពុងនិងត្រីតុកែ ព្រមទាំងប្រភេទស្រីផ្សេងៗទៀត ដែលកសិករយើងអាចពិចារណាចិញ្ចឹមបាននិងវិនិយោគជាលក្ខណ: ខ្នាតតូចនិងមធ្យមឲ្យបានច្រើនបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ម្ចាស់កសិដ្ឋានខាងលើជុំវិញការផ្គត់ផ្គង់ត្រីរួចមក បណ្ឌិត កៅ ថាច ក៏បានអំពាវនាវឲ្យកសិករនៅខេត្តកោះកុង និងនៅខេត្តផ្សេងទៀតគួរបង្កើនការវិនិយោគលើវារីវប្បកម្ម ដើម្បីអាចឆ្លើយតបនិងតម្រូវការទីផ្សារ ចូលរួមកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ដោយបង្កើតការងារក្នុងស្រុក នឹងជំរុញកំណើនសេដ្ឋកិច្ចជនបទផងដែរ៕