បណ្ឌិត ឆេង គឹមឡុង៖ រាជរដ្ឋាភិបាល និងវិស័យឯកជន គួរតែចាប់ឱកាសមាសពេជ្រ ដែលកម្រកើតឡើងក្នុងរយៈពេល ១០០ឆ្នាំ ពីស្មារតីជាតិនិយម គាំទ្រផលិតផលជាតិ (Video inside)
28-11-2025 14:15
(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានស្នើឱ្យរាជរដ្ឋាភិបាល និងវិស័យជនរបស់កម្ពុជា ចាប់យកឱកាសពេជ្រ ដែលកើតឡើងពីស្មារតីជាតិនិយមរបស់ជនជាតិខ្មែរ ជំរុញឱ្យមានការផលិតផលិតផលសម្រាប់ប្រើប្រាស់ក្នុងស្រុក ជំនួសការនាំចូលពីប្រទេសជិតខាង។
ថ្លែងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី FRESH BUSINESS លើប្រធានបទ៖ «បញ្ហារបស់ថៃបច្ចុប្បន្ន បង្ហាញឱកាសអ្វីខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា?» លោកយល់ឃើញថា ឱកាសបែបនេះមិនងាយកើតឡើងនោះទេ ១០០ឆ្នាំ ទើបកម្រើកឡើង។
លោកបណ្ឌិត ឆេង គឹមឡុង បានថ្លែងឲ្យដឹងថា «ជុំវិញជម្លោះខ្មែរ-ថៃ បើមើលដោយឡែកអាចហៅបានថា ជាឱកាសមាសពេជ្រ ដូច្នេះទាំងវិស័យរដ្ឋ និងឯកជន គួរចាប់យកឱកាសនេះឲ្យបាន ចំពោះឱកាសនេះសឹងតែមិនអាចកើតមានឡើងស្ទើរតែ១០០ ឬសឹងតែមិនដែលកើតមានលើបណ្ដាប្រទេសទាំងអស់»។
លោកបណ្ឌិត ឆេង គឹមឡុង បានបន្ថែមថា នៅពេលមានបញ្ហាប្រឈមទាំងនេះ យើងអាចដកបទពិសោធន៍បានអំពីប្រទេសកូរ៉េខាងត្បូង ដែលក្រោយពីសង្គ្រាមកូរ៉េទទួលបានឯករាជ្យ និងចាប់ផ្ដើមស្ដារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។ រំលឹកពេលនោះកូរ៉េខាងត្បូងចាប់ផ្ដើមធ្វើពហិការ ទំនិញពីបណ្ដាប្រទេសមួយចំនួនដែលខ្លួនចាត់ទុកថា ជាអមិត្តរបស់កូរ៉េខាងត្បូង និងបានចាប់ផ្ដើមពង្រឹងនូវសមត្ថភាពភាពរស់ដោយខ្លួនឯង តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស។
លោកបណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់ថា ចំពោះផលប្រយោជន៍សង្គមរបស់កម្ពុជា ដែលពលករកម្ពុជាត្រឡប់មកពីប្រទេសថៃវិញ សរុបប្រមាណ ១លាននាក់ ដូច្នេះកម្លាំងស្នូលដែលស្រូបចូលសេដ្ឋកិច្ចកម្ពុជា បានមានប្រមាណ ៨០ម៉ឺននាក់ នេះហៅថាកម្លាំងស្នូលបន្ថែម ចំពោះកម្លាំងស្នូលបន្ថែមនេះទាមទារការគាំទ្របណ្ដុះបណ្ដាល នូវជំនាញវិជ្ជាជីវៈសម័យថ្មីផងដែរ៕
សូមស្តាប់ការលើកឡើងរបស់បណ្ឌិត ឆេង គឹមឡុង៖









