មេផ្សារហ៊ុន៖ សេដ្ឋកិច្ចរបស់យើងមិនអាចខ្លាំងបានទេ បើវិស័យឯកជនខ្វះទុន, ការទិញភាគហ៊ុន អាចទុកជាទ្រព្យសម្អប់ផង ថែមទាំងជួយឱ្យវិស័យឯកជនខ្លាំងផង (Video inside)

28-11-2025 16:52

(ភ្នំពេញ)៖ លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចរបស់យើងមិនអាចខ្លាំងបានទេ ប្រសិនបើវិស័យឯកជនខ្វះទុន ហើយការទិញភាគហ៊ុន អាចទុកជាទ្រព្យសម្អប់ផង ថែមទាំងជួយឱ្យវិស័យឯកជនខ្លាំងផង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហុង សុខហួរ អញ្ជើញចូលរួម ក្នុងកម្មវិធីពីព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My Frist STOCK» នៅផ្សារទំនើប AEON Mall ភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ហុង សុខហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «សេដ្ឋកិច្ចរបស់យើង មិនអាចខ្លាំងបានទេ បើសិនជាវិស័យឯកជនរបស់យើង អត់មានលទ្ធភាពទទួលទុនបានរយលាន និងពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ យកទៅអភិឌ្ឍន៍បន្ថែម»

លោក ហុង សុខហួរ បានលើកឡើងថា ការចូលរួមវិនិយោគភាគហ៊ុន មិនមែនត្រឹមតែជួយខ្លួនឯងប៉ុណ្ណោះទេ តែជាការជួយសង្គមជាតិ ជួយសេដ្ឋកិច្ចជាតិ ជួយដល់កូនចៅយើងជំនាន់ក្រោយ។

ទន្ទឹមគ្នានេះ លោក ហុង សុខហួរ បានឲ្យដឹងថា ប្រសិនបើផ្សារមូលបត្ររបស់យើង នឹងមានអ្នកវិនិយោគដល់ ១លាននាក់, ការទិញលក់ប្រចាំថ្ងៃដល់ ១០០លានដុល្លារ, ម្ចាស់អាជីវកម្មអាចចូលផ្សារហ៊ុន និងកៀរកទុនបានដល់ ១០០០លានដុល្លារ ក្នុងមួយឆ្នាំ, អ្នកវិនិយោគមានភាគហ៊ុន ដែលមានតម្លៃសរុបដល់ ១លានដុល្លារ រាប់រយរាប់ពាន់នាក់, ហើយអាជីវកម្ម ដែលមានតម្លៃរយលានពាន់លានដុល្លាររាប់មិនអស់នៅកម្ពុជា នោះហើយជាគោលបំណងរបស់ទីផ្សារភាគហ៊ុន៕