បណ្ឌិត អ៉ិន ចាន់នី៖ ទីផ្សារភាគហ៊ុនជាជម្រើសនៃការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ងាយស្រួលលក់ទោះក្នុងស្ថានភាពលំបាក (Video inside)

28-11-2025 17:05

(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ការវិនិយោគនៅក្នុងផ្សារហ៊ុន គឺជាជម្រើសវិនិយោគដ៏ល្អមួយ ក្នុងវិស័យហិរញ្ញវត្ថុ។

លើសពីនេះ លោកបណ្ឌិតលើកឡើងថា ការវិនិយោគទិញភាគហ៊ុន ងាយស្រួលក្នុងការលក់ចេញ បើធៀបនឹងទ្រព្យផ្សេងទៀត ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចជួបការលំបាកដ៏ដោយ។

ការថ្លែងរបស់លោកបណ្ឌិតឱកាសដែលលោក អញ្ជើញចូលរួមក្នុងពីព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My Frist STOCK» នៅផ្សារទំនើប AEON Mall ភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិន ទិញភាគហ៊ុននៅពេលបច្ចុប្បន្ននេះ ព្រោះតែថ្លៃភាគហ៊ុនស្ទើរតែទាំងអស់ កំពុងជួញដូរក្នុងថ្លៃទាប ដែលជាឱកាសសម្រាប់អ្នកវិនិយោគ ក្លាយជាម្ចាស់របស់ក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដើម្បីចំណេញក្នុងពេលខាងមុខ។

លោកលើកទឹកចិត្តឱ្យវិនិយោគិនចាស់ មានការអត់ធ្មត់បន្តិចទៀត កុំទាន់លក់ភាគហ៊ុននាពេលនេះ ប្រសិនបើមិនមានតម្រូវការសាច់ប្រាក់បន្ទាន់ ព្រោះលោកសង្កេតឃើញថា វិនិយោគិនធំមួយចំនួនកំពុង ប្រមូលទិញភាគហ៊ុនទុក ដើម្បីសន្សំ ឬដើម្បីទុកលក់វិញនាប៉ុន្មានឆ្នាំខាងមុខ ព្រោះពួកគាត់យល់ឃើញថាថ្លៃ ហ៊ុនមានតម្លៃធូរថ្លៃខ្លាំង ហើយមានឱកាសនៃការឡើងថ្លៃខ្លាំងនាពេលខាងមុខ៕