អ្នកជំនាញក្នុងវិស័យធនាគារ ​ប្រាប់ឱ្យប្រយ័ត្នបំផុត ពេលនរណាម្នាក់ ស្នើជួយទទួលលុយវេចូលពីកុងធនាគារផ្សេង ដោយសន្យាផ្តល់លុយជាសគុណ (Video inside)

29-11-2025 12:54

(ភ្នំពេញ)៖ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានប្រាប់ឲ្យដឹងថា ក្នុងករណីមានអ្នកណាម្នាក់ស្នើឲ្យអ្នកជួយទទួលលុយផ្ញើចេញពីកុងធនាគារផ្សេង ដោយសន្យាផ្តល់លុយជាសគុណ ពុំគួរទទួលជាដាច់ខាត ព្រោះនេះជាករណីមួយដែលអាចនាំឲ្យអ្នកឈានទៅរកគ្រោះថ្នាក់ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។

ការលើកឡើងរបស់លោក កុក ថា ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​អាក្រក់នៃ​ការ​លក់ គ​ណនីធនាគារ​នៅ​កម្ពុជា»

លោក កុក ថា បានថ្លែងថា ពុំគួរទទួលនោះទេ ប្រសិនបើមាននរណាម្នាក់ ស្នើសុំជួយទទួលលុយវេ ដែលចូលពីកុងធនាគារផ្សេង ដោយសន្យាផ្តល់លុយជាការអរគុណ ព្រោះនេះជារឿងគ្រោះថ្នាក់មួយដល់យើងជាម្ចាស់គណនី។ និយាយជាសាមញ្ញប្រសិនបើអ្នកស្គាល់គ្នាជិតឌិត គ្រាន់តែស្នើឲ្យជួយទទួលលុយ ឬដកលុយប៉ុណ្ណឹង គឺមិនអាចនិយាយរឿងផ្ដល់លុយជាការអរគុណនោះទេ។

លោកបានបន្ថែមថា សាកគិតទៅមើលថា យើងជាអ្នកស្គាល់គ្នាគ្រាន់តែពឹងពរគ្នាបន្ដិចបន្ដួច ឲ្យដកលុយតើចាំបាច់ទេ ដែលត្រូវផ្ដល់ជាការសគុណនោះ គឺស្ដាប់ទៅមិនទំនងនោះទេ។ ដូច្នេះប្រយ័ត្នឲ្យមែនទែន ព្រោះខ្លាចថា អ្នកដែលវេរលុយចូលកុងយើងនេះ គឺជាក្រុមហ៊ុនបទល្ម​ើសអនឡាញ ឬឧក្រិដ្ឋជន ដែលប៉ូលីសកំពុងតាមចាប់ ឬបង្កកទ្រព្យស​ម្បត្តិ ដូច្នេះគេនឹងតាមស្រាវជ្រាវពីបុគ្គលនេះ ហើយប្រសិនបើគេស្រាវជ្រាវថា យើងជាអ្នកទទួលលុយពីជនឧក្រិដ្ឋនោះ ចង់ ឬមិនចង់យើងនឹងត្រូវប្រឈមមុខច្បាប់មួយរយៈសិន ទម្រាំរកឃើញថា យើងមិនមានពាក់ព័ន្ធ៕

សូមស្តាប់ការលើកឡើងរបស់លោក កុក ថា៖