យល់ដឹងពីជំនួញ៖ រដ្ឋមន្ត្រី និងអ្នកជំនាញថា ស្ករស ប្រេងឆា និងទឹកដោះគោ ជាទំនិញយុទ្ធសាស្រ្ត និងមានសក្តានុពល ត្រូវការអ្នកវិនិយោគជំនួសការនាំចូល (Video inside)

30-11-2025 07:44

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ស្ករ ​ប្រេងឆា និងទឹកដោះគោ គឺជាទំនិញយុទ្ធសាស្រ្ត និងជាទំនិញដែលមានសក្តានុពលក្នុងការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលវិនិយោគិនគួរសិក្សាលទ្ធភាពក្នុងការផលិត សម្រាប់ជំនួសការនាំចូល។

​លោកលើកទឹកចិត្តដល់វិនិយោគិន ចាប់យកឱកាសក្នុងផលិត ​ខណៈពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកផលិតក្នុងស្រុក។

លោក ហែម វណ្ណឌី លើកឡើងបែបនេះ ធ្វើឡើងក្នុងវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រលើកទី១ ដែលបានរៀបចំឡើងនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម័្ពន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានលើកឡើងថា កម្ពុជាមានសក្តានុពល និងមានលទ្ធភាព ក្នុងការផលិតស្ករស ប្រេងឆា និង ទឹកដោះគោបានដោយខ្លួនឯង ខណៈពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដែលវា គឺជាឱកាសដ៏ល្អសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងការពង្រឹង និងពង្រីកការផលិត ដើម្បីបំពេញចំណែកទីផ្សារដែលកំពុងខ្វះខាត ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជម្លោះព្រំដែន។

លោកបានកត់សម្គាល់ថា សម្រាប់ស្ករស កម្ពុជាមានផ្ទៃដីដាំដុះច្រើននៅខេត្តកំពង់ស្ពឺ កំពត បាត់ដំបង និងពោធិ៍សាត់ ហើយការដាំដំណាំនេះ ក៏មានការអំណោយផល ដោយសារអាកាសធាតុក្តៅសមរម្យល្អសម្រាប់អំពៅ លូតលាស់បានលឿន។ ហើយជាមួយគ្នានេះ កម្ពុជាមានលទ្ធភាពច្រើនក្នុងការបង្កើតរោចក្រ នៅខេត្តកំពង់ស្ពឺ កំពង់ធំ និងខេត្តកំពតជាដើម ដែលអាចបន្ថែមការផលិតដើម្បីកាត់បន្ថយការនាំចូលពីថៃ និងពីវៀតណាម។

ប៉ុន្តែយ៉ាងណាមិញ លោកបញ្ជាក់ថា ការផលិតស្ករស ក៏មានបញ្ហាប្រឈមដែរ គឺថ្លៃដើមផលិតខ្ពស់ ការគ្រប់គ្រងទឹក និងប្រព័ន្ធធារាសាស្រ្តមិនទាន់គ្រប់គ្រាន់។

ចំណែកការផលិតប្រេងឆាវិញ លោកគូសបញ្ជាក់ថា កម្ពុជាអាចផលិតចេញពីស្វាយចន្ទី សណ្តែក ​ដូង ល្ង និងកន្ទក់ ដែលក្រុមហ៊ុនក្នុងស្រុក អាចផលិតបាន និងប្រើប្រាស់វត្ថុធាតុដើមពីប្រជាកសិករ។ លោកបន្តថា បច្ចុប្បន្ននេះ ការវិនិយោគទៅលើការផលិតប្រេងឆា នៅមិនទាន់មានច្រើននៅឡើយទេ ខណៈការផលិតត្រូវការបច្ចេកវិទ្យាបន្ថែមទៀត។

ដោយឡែក​ផលិតផលទឹកដោះគោវិញ ក៏ជាផលិតផលដែលមានតម្រូវខ្ពស់ផងដែរ។​ យោងតាមការស្រាវជ្រាវ មួយថ្ងៃកម្ពុជាមានតម្រូវការទឹកដោះគោប្រមាណ១០ម៉ឺនលីត្រ និងមួយឆ្នាំត្រូវការប្រមាណ៣៦លានលីត្រ ប៉ុន្តែការផលិតក្នុងស្រុកបានប្រមាណតែ ២ម៉ឺនលីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ នៅខ្វះខាត៨ម៉ឺនលីត្រទៀត។ ​​ទឹកដោះគោប្រមាណ៨០% ត្រូវបាននាំចូលពីថៃ វៀតណាម ម៉ាឡេស៊ី និងញូវហ្សេលែនជាដើម។ ​

លោកបន្ថែមថា បច្ចុប្បន្ន​នេះមានក្រុមហ៊ុនមួយចំនួន កំពុងវិនិយោគលើការចិញ្ចឹម ប៉ុន្តែភាគច្រើន ចិញ្ចឹមគោកាប់សាច់។ លោកលើកឡើងថា​ វិនិយោគិន អាចសិក្សាការចិញ្ចឹមគោផលិតទឹកដោះ នៅខេត្តមណ្ឌលគិរី រតនគិរី កំពង់ឆ្នាំង ស្វាយរៀងជាដើម​៕