អគ្គនាយកនិយ័តករ៖ វិស័យមូលបត្រកម្ពុជា ទោះបីជាដើរយឺត តែមិនដើរថយក្រោយ ខណៈវិនិយោគិនកាន់តែមានទំនុកចិត្តលើទីផ្សារ (Video inside)
01-12-2025 16:36
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃវិស័យមូលបត្រកម្ពុជា មានការកើនឡើង បើទោះបីជាពិបាក តែសន្ទុះនៃការប្រមូលសាច់ប្រាក់នៅតែកើនឡើង ពោល គឺទោះបីជាវិស័យមូលបត្រកម្ពុជាដើរយឺត តែមិនដើរថយក្រោយ ខណៈវិនិយោគិនកាន់តែមានទំនុកចិត្តលើទីផ្សារ។
លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសបិទពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ប្រចាំឆ្នាំ២០២៥ កាលពីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ឺអនម៉ល ភ្នំពេញ។
លោកបានលើកឡើងថា និយ័តករមូលបត្រកម្ពុជាដែលជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារមូលបត្រ បានខិតខំយកចិត្តទុកដាក់ ដោយយើងចាប់ផ្តើម ពីចំណុចសូន្យ រហូតដល់ពេលនេះ និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣១ ក្រុមហ៊ុន និងបានរៀបចំ និងអនុម័តនូវច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីឱ្យទីផ្សារនេះមានសណ្តាប់ធ្នាប់ គណនេយ្យភាព និងតម្លាភាព។
លោកបន្ថែមថា គិតមកដល់បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅ ផមក ដែលក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៦៥០ លានដុល្លារអាម៉េរិក។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បាន បោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែល នេះជាមោទនភាពមួយសម្រាប់កម្ពុជា។
លោកបន្ថែមថា ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការ ថ្នាក់តំបន់ និងសកល។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុប មានតម្លៃប្រហែល ១០.៩១ ទ្រីលានរៀល (២.៧២ពាន់លានដុល្លារអាម៉េរិក) ឬស្មើនឹង ៥.២១% ធៀបនឹងផលិតផលក្នុង ស្រុកសរុប។ ចំពោះទំហំជួញដូរភាគហ៊ុន សរុបមានចំនួន ២៣៥ ១៧៥ ១៧៣ ភាគហ៊ុន ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ៤០២ ២៣២ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជា មធ្យមប្រមាណ ១២.៥ ម៉ឺនដុល្លារអាម៉េរិក និងបានផ្តល់លេខអត្តសញ្ញាណវិនិយោគិន ចំនួន ៦៤៦៨៧ ៕














