ក្រុមហ៊ុន ម៉ានេ និងក្រុមហ៊ុន ឡាវ អាឡាយអិន ហ្វាម៉ាស៊ូតិខល ចុះ MoU ដើម្បីជំរុញការអភិវឌ្ឍវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា
01-12-2025 18:55
(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ានេ គ្រុប (Mane Group) កម្ពុជា និង ក្រុមហ៊ុន ឡាវ អាឡាយអិន ហ្វាម៉ាស៊ូតិខល គ្រុប (Lao Alliance Pharmaceutical Group - LAPG) របស់ឡាវ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដែលជាការចាប់ផ្តើមនៃភាពជាដៃគូយុទ្ធសាស្ត្រក្នុងគោលបំណងពង្រីកឧស្សាហកម្មឱសថ សុខាភិបាល និងគ្រឿងសម្អាង នៅកម្ពុជា។
ក្រោមគម្រោងសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងបង្កើតក្រុមហ៊ុនរួមទុនមួយដែលមានឈ្មោះថា ក្រុមហ៊ុន ផាន់ថាមិត្ត ហ្វាម៉ាស៊ូតិខល (ខេមបូឌា) អ៊ីមផត & អ៊ិចផត ឯ.ក (Phannthamit Pharmaceutical (Cambodia) Import & Export Co., Ltd.) ដែលនឹងផ្តោតលើការនាំចូល ការចុះបញ្ជី ការចែកចាយ និងការផលិតនាពេលអនាគតនូវផលិតផលវេជ្ជសាស្ត្រ និងផលិតផលពាក់ព័ន្ធនឹងសុខភាពដែលមានគុណភាពខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាពជាដៃគូនេះ ស្របទៅនឹងអាទិភាពអភិវឌ្ឍន៍ក្នុងតំបន់ និងស្វែងរកការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាការទទួលបានសេវាសុខាភិបាលនៅទូទាំងតំបន់អាស៊ាន។
បច្ចុប្បន្ន ក្រុមហ៊ុន ឡាវ អាឡាយអិន ហ្វាម៉ាស៊ូតិខល គ្រុប គឺជាក្រុមហ៊ុនផលិតឱសថដ៏ទំនើបបំផុតមួយនៅក្នុងតំបន់ ដែលកំពុងដំណើរការរោងចក្រផលិតទំនើបចំនួនបួននៅក្នុងប្រទេសឡាវ ជាមួយនឹងទុនវិនិយោគសរុបជាង ១៥០ លានដុល្លារអាមេរិក។ រោងចក្រទាំងនេះផលិតឱសថ អាហារបំប៉ន និងគ្រឿងសម្អាងសម្រាប់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ LAPG មិនត្រឹមតែមានបំណងផ្គត់ផ្គង់ដល់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ដោយអភិវឌ្ឍរោងចក្រផលិតឱសថនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន ម៉ានេ គ្រុប ផងដែរ។
បន្ថែមលើការពង្រីកការផលិត ភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើមការពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យមួយនៅកម្ពុជា ដោយរួមបញ្ចូលជំនាញវេជ្ជសាស្ត្រ និងឱសថរបស់ LAPG ជាមួយភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់ ក្រុមហ៊ុន ម៉ានេ គ្រុប ក្នុងវិស័យបដិសណ្ឋារកិច្ច ការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ចក្ខុវិស័យនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកែលម្អការទទួលបានសេវាសុខាភិបាល ការលើកកម្ពស់សេវាវេជ្ជសាស្រ្ត និងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គមរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ អ្នកឧកញ៉ា កី ម៉ានេ (Neak Oknha KEY Mane) ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ម៉ានេ គ្រុប បានមានប្រសាសន៍ថា៖
«កិច្ចសហប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ក្រុមហ៊ុន ម៉ានេ គ្រុប ខណៈដែលយើងឈានជើងចូលទៅក្នុងវិស័យឱសថ និងសុខាភិបាល។ យើងប្តេជ្ញាកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា ហើយភាពជាដៃគូរបស់យើងជាមួយ ក្រុមហ៊ុន ឡាវ អាឡាយអិន ហ្វាម៉ាស៊ូតិខល គ្រុប បង្ហាញពីមហិច្ឆតារបស់យើងក្នុងការឈានពីការនាំចូល ទៅកាន់ការផលិត និងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងរយៈពេលវែង។»
លោក TING Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ឡាវ អាឡាយអិន ហ្វាម៉ាស៊ូតិខល គ្រុប បានបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមហ៊ុនលើសក្តានុពលទីផ្សារកម្ពុជា៖
«ជាមួយនឹងទីតាំងយុទ្ធសាស្ត្រ កំណើនប្រជាជន និងបរិយាកាសវិនិយោគដែលអំណោយផល កម្ពុជាតំណាងឱ្យទីផ្សារដ៏សំខាន់សម្រាប់ការពង្រីកអាជីវកម្មរបស់យើង។ តាមរយៈភាពជាដៃគូនេះ យើងមានគោលបំណងផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ និងអភិវឌ្ឍសមត្ថភាពផលិតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងសិក្សាគម្រោងសំខាន់ៗដូចជាការអភិវឌ្ឍមន្ទីរពេទ្យ ដែលនឹងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់ប្រជាជាតិយើងទាំងពីរ។»
អនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំនិតផ្តួចផ្តើមក្នុងតំបន់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដែលពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងឡាវ និងគាំទ្រដល់ចក្ខុវិស័យកាន់តែទូលំទូលាយនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យឱសថ និងសុខាភិបាល៕







