CSX: វិនិយោគិននៅតែផ្តល់ទំនុកចិត្តខ្ពស់ លើផ្សារមូលបត្រកម្ពុជា តាមរយៈការស្នើបើកគណនីជួញដូរជិត ២ពាន់គណនី រយៈពេល៣ថ្ងៃ ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា
02-12-2025 16:30
(ភ្នំពេញ)៖ ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ឆ្នាំ២០២៥ ជាលើកទី៨ បានបិទបញ្ចប់ប្រកបដោយជោគជ័យ បន្ទាប់ពីដំណើរការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នៅ ផ្សារទំនើបអ៉ីអនភ្នំពេញ។
សាធារណជនយ៉ាងច្រើនកុះករ បានបង្ហាញចំណាប់អារម្មណ៍ និងបានបង្ហាញពីការយល់ដឹងពីវិស័យមូលបត្រច្រើនជាងឆ្នាំមុនៗ ដោយមានសាធារណជនជាង ៥០ ០០០នាក់ បានធ្វើការសាកសួរព័ត៌មាន និងបានបើកគណនីជិត ២០០០គណនី ក្នុងរយៈពេល៣ថ្ងៃ នៅក្នុងពិព័រណ៍នេះ។
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ដែលមានរយៈពេល៣ ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងជំរុញការសិក្សាស្វែងយល់ របស់សាធារណជន អំពីកាលានុវត្តភាពវិនិយោគ ក្នុងទីផ្សារមូលបត្រកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនចុះបញ្ជី ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងទិសដៅអភិវឌ្ឍក្រុមហ៊ុន ដែលជាផ្នែកមួយក្នុងការបង្កើនសមត្ថភាព និង ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និង វិនិយោគ៕









