ក្រសួងពាណិជ្ជកម្មបើក «ពិព័រណ៍ពាណិជ្ជកម្ម» រយៈពេល៤ថ្ងៃ បង្ហាញពីសក្តានុពលផលិតផលខ្មែរ និងជំរុញការគាំទ្រផលិតផលខ្មែរបន្ថែមទៀត
04-12-2025 11:36
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ដើម្បីតាំងបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ រៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញប្រមាណ ២៥០ស្តង់ ដែលក្នុងនោះ ៦០% គឺជាផលិតផលខ្មែរ។ បន្ថែមពីក៏មានស្តង់ផលិតផលពីប្រទេសមួយចំនួនទៀត ដូចចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាមជាដើម។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ឆ្នាំ២០២៥ រៀបចំឡើងស្របជាមួយនឹងការគាំទ្រផលិតផលខ្មែរ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយមានដាក់តាំងបង្ហាញផលិតផលជាច្រើនរួមមាន ផលិតផលខ្មែរជាច្រើម និងផលិតផលសម្រាប់ការនាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម។
លោកស្រីបន្ថែមថា ក្រៅពីការដាក់តាំងបង្ហាញផលិតផល ដែលមានគុណភាពខ្ពស់របស់កម្ពុជា និងទំនិញនាំចូល CTExpo ក៏នឹងរៀបចំព្រឹត្តិការណ៍អមនានាបន្ថែមទៀត រួមមាន៖ ការតាំងបង្ហាញផលិតផល និងលក់ទំនិញ វេទិកាស្តីពីការការនាំចេញរបស់កម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្ម ស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា វេទិកាប្រកួតប្រជែងសិស្សនិស្សិត និងការប្រគំតន្ត្រីផងដែរ។
ថ្លែងក្នុងឱកាសបើកពិព័រណ៍នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថាព្រឹត្តិការណ៍ពិព័រណ៍នេះ មានភាពច្នៃប្រឌិត រស់រវើក និងសម្បូរបែប និង រៀបចំទាន់សភាពការណ៍បច្ចុប្បន្ន ហើយក៏ជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម កម្រិតអន្តរជាតិដ៏ធំមួយប្រចាំឆ្នាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួង ពាណិជ្ជកម្មជាសេនាធិការផ្តួចផ្តើម រៀបចំឡើង ក្នុងគោលបំណងជំរុញលើកកម្ពស់ និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា, តភ្ជាប់ទីផ្សារក្នុងស្រុក, បង្កើតឱកាសក្នុងការផ្គូផ្គងរវាង ធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពី កាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោករំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានាពេលនេះ នឹងជាចលករក្នុងការបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និង តភ្ជាប់ទីផ្សារក្នុងស្រុកបន្ថែមទៀត ដើម្បីផ្តល់ឱកាសឱ្យផលិតករកម្ពុជាមានទីផ្សារ និងឈានទៅការពង្រឹងសមត្ថភាពនៃការផលិតរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង ស្រុកជំនួសឱ្យផលិតផលនាំចូលជាបណ្តើរៗ។
បន្ថែមលើនេះ ព្រឹត្តិការណ៍ពិរព័ណ៍នេះ ក៏នឹងជួយឱ្យធុរជន-វិនិយោគិនអន្តរជាតិ អាចជ្រាបកាន់តែច្បាស់អំពីសក្តានុពលកម្ពុជា និងកញ្ចប់លើកទឹកចិត្ត និងសម្បទានទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាល សម្រាប់ការវិនិយោគ ដើម្បីជាមូលដ្ឋានពិចារណាមកវិនិយោគនៅកម្ពុជា ឬចាប់ដៃ គូធុរកិច្ចក្នុងការនាំយកផលិតផលគុណភាពកម្ពុជាទៅកាន់ទីផ្សារបរទេស។
លោកបានបន្តថា «សូមអំពាវនាវផងដែរដល់វិស័យឯកជន និងសាធារណជនទូទៅ សូមចូលរួមទស្សនានិងកម្សាន្តនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនេះដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បីបន្តចូលរួម គាំទ្រផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនកិត្យានុភាព ផលិតផលក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
សូមជម្រាបថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៦មក ដោយទទួលបានជោគជ័យចំនួន១៧លើកមកហើយ។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពី គោលគំនិតនៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្ត ទុកដាក់លើគុណភាពខ្ពស់ និងភាពសាមញ្ញ៕






























