ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់អាជីវករ ក្រុមហ៊ុន សហគ្រាស ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងលុបបំបាត់ការក្លែងបន្លំគុណភាព ក្នុងគ្រាការគាំទ្រផលិតក្នុងស្រុកកើនឡើងខ្លាំង
04-12-2025 15:29
(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវអាជីវករ ក្រុមហ៊ុន សហគ្រាស សូមប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការប្រកបអាជីវកម្ម និងលុបបំបាត់ឱ្យខានតែបាន នូវការក្លែងបន្លំគុណភាព។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងបរិការណ៍ ដែលកំពុងមានការគាំទ្រផលិតក្នុងស្រុក ខ្ញុំសូមអំពាវនាវ ដល់បងប្អូនអាជីវករ ក្រុមហ៊ុន សហគ្រាស សូមប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការប្រកបអាជីវកម្ម ផ្តល់សេវាកម្មលក់ដូរ និងគោលការណ៍សុច្ចរិតភាព និងសច្ចភាពចៀសវាងជាកំហិត»។
បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រីក៏បានប្រាប់ដល់អាជីវករ ក្រុមហ៊ុន សហគ្រាសទាំងអស់ ត្រូវលុបបំបាត់ឱ្យខានតែបាន នូវការក្លែងបន្លំគុណភាព និងប្រភព ដើម្បីរក្សាបានកេរ្តិ៍ឈ្មោះ ពាណិជ្ជនាម និងការគាំទ្រពីអ្នកប្រើប្រាស់។
ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យវិស័យឯកជន ជំរុញការផលិត ដោយគិតគូរអំពីគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្តង់ដា ដើម្បីទទួលបានការគាំទ្រ នៅលើទីផ្សារក្នុងស្រុក និងជាជំហានៗ ឈានទៅរកការនាំចេញ និងពិចារណាពង្រីកមូលដ្ឋានផលិតកម្ម ឱ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារបច្ចុប្បន្នផងដែរ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីមានក្តីរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងជាចលករក្នុងការបង្កើនល្បឿន និងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និងតភ្ជាប់ទីផ្សារ ក្នុងស្រុក បន្ថែមទៀត ដើម្បីផ្តល់ឱកាសឱ្យផលិតករកម្ពុជាមានទីផ្សារ និងឈានទៅការពង្រឹងសមត្ថភាព នៃការផលិតរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជំនួសឱ្យផលិតផលនាំចូល។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចាត់ទុកព្រឹត្តិការណ៍ពិរព័ណ៍នេះ ក៏នឹងជួយឱ្យធុរជន-វិនិយោគិនអន្តរជាតិ អាចជ្រាបកាន់តែច្បាស់អំពីសក្តានុពលកម្ពុជា និងកញ្ចប់លើកទឹកចិត្ត និងសម្បទានទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាល សម្រាប់ការវិនិយោគ ដើម្បីជាមូលដ្ឋានពិចារណាមកវិនិយោគនៅកម្ពុជា៕






























