កម្ពុជាអនុម័តគម្រោងវិនិយោគ ៦០៩គម្រោង កើន៥៧% ក្នុងទំហំទុនវិនិយោគសរុប៩.៥ពាន់លានដុល្លារ នៅរយៈពេល ១១ខែឆ្នាំនេះ
04-12-2025 16:48
(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៦០៩គម្រោង កើន៥៧% ក្នុងទំហំទុនវិនិយោគសរុប៩.៥ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចុះបញ្ជីគម្រោង វិនិយោគចំនួន៦០៩គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ៩.៥ប៊ីលានដុល្លារអាម៉េរិក គឺចំនួនគម្រោងវិនិយោគមានការកើនឡើង២២០គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើន ឡើងប្រមាណ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ ត្រឹមតែចំនួន៣៨៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦.៥ប៊ីលានដុល្លារអាម៉េរិក»។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជី គម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។
ដោយឡែក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ២៦២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៤ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារអាម៉េរិក៕








