កម្ពុជាបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោកជាប្រទេសដែលមានប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគធៀបនឹងទំហំសេដ្ឋកិច្ច (Video inside)

04-12-2025 17:55

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា បរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា ដោយក្នុងឆ្នាំ២០២៥នេះ កម្ពុជាបានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក សម្រាប់សន្ទស្សន៍ Greenfield FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ខណៈក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹងបំបែកកំណត់ត្រាជាថ្មីដែលបានអនុម័តគម្រោងវិនិយោគលើសពី៦០០គម្រោង។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល លើកឡើងបែបនេះ ធ្វើឡើងឱកាសអញ្ជើញបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដែលបានរៀបចំឡើងមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា​ «បរិយាកាសវិនិយោគនៅកម្ពុជា មានការទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។ យោងតាម fDi Intelligence នៅឆ្នាំ ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist បញ្ជាក់ថាកម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការ វិនិយោគ ហើយនៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី ប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោក សម្រាប់សន្ទស្សន៍ Greenfield FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ផងដែរ»

ជាមួយនឹងការថ្លែងដោយមោទនភាព លោកបានបញ្ជាក់ថា ការអនុម័តគម្រោងវិនិយោគនៅកម្ពុជា ដោយនៅក្នុងឆ្នាំ ២០២៥ នេះ នឹងលើសពី ៦០០ គម្រោង។ ដោយហេតុថាគិតត្រឹមដំណាច់ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩.៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង។ នេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ ២០២៤ បានអនុម័ត គម្រោងវិនិយោគចំនួន ៤១៤ គម្រោង ដែលជាការបំបែកកំណត់ត្រាម្តងរួចមកហើយ៕