កំណត់ត្រាប្រវត្ដិសាស្ដ្រ កម្ពុជានាំចេញអង្ករកើនដល់បរិមាណខ្ពស់បំផុតមិនធ្លាប់មាន ជាង៨០ម៉ឺនតោន ត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៥ (Video inside)
04-12-2025 18:10
(ភ្នំពេញ)៖ ជាប្រវិត្ដសាស្ដ្រថ្មីមួយទៀតរបស់កម្ពុជា ក្នុងការនាំចេញអង្ករ ដែលគិតត្រឹមរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ដែលអាចសម្រេចបានការនាំចេញអង្ករ រហូតដល់ជាង៨០ម៉ឺនតោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥។ បើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា «ការកើនឡើងបរិមាណនេះ មិនដែលធ្លាប់មាននោះទេ ក្នុងរយៈពេល១៣-១៤ឆ្នាំ ដែលកម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស ខណៈភាគច្រើន ជាមធ្យមនាំចេញ ៦០ទៅ៦៥ម៉ឺនតោន ក្នុងមួយឆ្នាំ»។
ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា ការកើនឡើងនេះ ដោយសារតែភាគច្រើនរោងម៉ាស៊ីនក្នុងស្រុក បានប្រមូលស្រូវច្រើន សម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសផ្សេងៗ ហើយការនាំចេញទៅកាន់ប្រទេសចិន, ម៉ាឡេស៊ី និងសហគមន៍អ៊ឺរ៉ុប ក៏មានការកើនឡើងផងដែរ ក្នុងឆ្នាំ២០២៥នេះ បូកបន្ថែមជាមួយនឹងការនាំចេញចុងអង្ករ ទៅកាន់ប្រទេសវៀតណាម។
ជាមួយគ្នានេះ ឧកញ៉ា ឡាយ ឈុនហួ បានឲ្យដឹងផងដែរថា ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ មិនមែនបញ្ហាអ្វីនោះទេ សម្រាប់នាំចេញអង្ករ ក្នុងរង្វង់៩០ម៉ឺនតោន ហើយសហព័ន្ធស្រូវអង្ករ នឹងព្យាយាមធ្វើការនាំចេញ ឲ្យបាន១លានតោនក្នុងពេលខាងមុខ។
ឧកញ៉ា ឡាយ ឈុនហួ ក៏សូមថ្លែងអំណរគុណ ដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលបានព្យាយាមទិញស្រូវពីប្រជាកសិករ តាមលទ្ធភាពរបស់ខ្លួន ដើម្បីបម្រើការនាំចេញ និងខិតខំកិនស្រូវទាំងយប់ទាំងថ្ងៃ ដើម្បីជំរុញបរិមាណជាមួយនឹងសហព័ន្ធស្រូវអង្ករ ដែលធ្វើឲ្យទិន្នន័យនាំចេញអង្ករកម្ពុជា មានការកើនឡើងខ្លាំងជាប្រវិត្ដសាស្ដ្រ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧២ ដែលក្នុងនោះ៖
* ទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន ៣០៧ ៦៣០តោន គិតជាទឹកប្រាក់ចំនួន ២៣៦.៥៤ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៨៨ ១៨៩ តោន គិតជាទឹកប្រាក់ចំនួន១១៦.៥៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៨ប្រទេស បានបរិមាណចំនួន ២១៨ ៣១៣ តោន គិតជាទឹកប្រាក់ចំនួន៩៣.៥០លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់គោលដៅ៣៤ប្រទេសផ្សេងទៀតមាន អាហ្វ្រិកមជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៨៧ ៥១១តោន គិតជាទឹកប្រាក់ចំនួន ៧៩.៩០ លានដុល្លារសហរដ្ឋអាមេរិក។
តាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សម្រេចការនាំចេញអង្ករ បានត្រឹមជាង៣០ម៉ឺនតោន និងតួរលេខធំបំផុត ត្រឹមជាង៦៤ម៉ឺនតោនប៉ុណ្ណោះ ដែលរួមមាន៖
ឆ្នាំ២០១៤ កម្ពុជានាំចេញអង្ករបាន ជាង៣៨ម៉ឹនតោន,
ឆ្នាំ២០១៥ កម្ពុជានាំចេញអង្ករបាន ជាង៥៣ម៉ឺនតោន,
ឆ្នាំ២០១៦ កម្ពុជានាំចេញអង្ករបាន ជាង៥៤ម៉ឹនតោន,
ឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបាន ជាង៦៣ម៉ឺនតោន,
ឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបាន ជាង៦២ម៉ឺនតោន,
ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន ជាង៦២ម៉ឺនតោន,
ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបាន ជាង៦៩ម៉ឺនតោន,
ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបាន ជាង៦១ម៉ឺនតោន,
ឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបាន ជាង៦៣ម៉ឺនតោន,
ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន ជាង៦៥ម៉ឺនតោន,
ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបាន ជាង៦៤ម៉ឺនតោន៕




