ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ៖ បើចង់ឱ្យបានវិនិយោគិនមកកម្ពុជាច្រើន សូមចៀសវាងកុំឱ្យគេដើរនិយាយមិនល្អពីយើង និងកុំចាត់ទុកវិនិយោគិនជាសាច់ជ្រូកពុះចែកគ្នា ខណៈថ្នាក់ដឹកនាំព្យាយាមដើរទាក់ម៉ូយណាស់ (Video inside)
05-12-2025 14:44
(ភ្នំពេញ)៖ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ប្រសិនកម្ពុជាចង់ទាក់ទាញវិនិយោគិនឱ្យបានច្រើន សូមចៀសវាងកុំឱ្យគេដើរនិយាយមិនល្អពីយើង ប្រសិនបើយើងបន្តឱ្យគេដើរនិយាយតៗគ្នា នោះកម្ពុជានឹងមិនអាចក្លាយជាសួនមួយ ដែលទាក់ទាញគេឱ្យមករកស៊ីបាននោះទេ ដូច្នេះទាល់តែយើងការពារទាំងអស់គ្នា។
លោកបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគិនពីក្រៅប្រទេស ដូច្នេះនៅពេលដែលគេចូលមកវិនិយោគហើយត្រូវតែរក្សាគេនៅឱ្យបានយូរ និងជួយឱ្យគេរីកចម្រើន។ ព្រមជាមួយគ្នានេះ សូមកុំចាត់ទុកគេគឺជាសាច់ជ្រូកមួយដុំ កាត់ចែកគ្នាគ្រប់កន្លែង និងកុំធ្វើឱ្យការងារស្រួល ប្រែទៅជាលំបាកដើម្បីទទួលបានអត្ថប្រយោជន៍ក្រៅផ្លូវការ។
បន្ថែមពីនេះ លោកស្នើឱ្យអ្នកពាក់ព័ន្ធ ជាពិសេសមន្រ្តី ត្រូវតែជួយការពារពួកគេ និងពង្រឹងការអនុវត្តច្បាប់។
ឧកញ៉ា សន សៀប លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការពង្រឹងមូលដ្ឋានលើការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។
សូមស្តាប់ប្រសាសន៍របស់កញ៉ា សន សៀប៖








