អ្នកនាំពាក្យពាណិជ្ជកម្ម៖ វិស័យកសិកម្ម កសិ-ឥឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ បានបង្ហាញសក្តានុពលខ្លាំង ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ (Video inside)
05-12-2025 16:39
(ភ្នំពេញ)៖ ស្របជាមួយនឹងការលើកឡើងរបស់តំណាងសហភាពអឺរ៉ុប លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃនៅកម្ពុជា បាននិងកំពុងបង្ហាញសក្តានុពលខ្លាំង ក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកគូសបញ្ជាក់បែបនេះ ដោយសំអាងលើកម្ពុជា គឺជាប្រទេសនាំចេញអង្ករលំដាប់ទី៥ក្នុងពិភពលោក។ ចំណែកនាំចេញស្វាយចន្ទី ទទួលបានថវិកា ប្រមាណ ៤ពាន់លានដុល្លារក្នុងរយៈពេល ១០ខែឆ្នាំ២០២៥ និងទទួលបានចំណូលប្រមាណ ២៧លានដុល្លារ តាមរយៈការនាំចេញម្រេចក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥។ លើសពីនេះកម្ពុជាក៏កំពុងក្លាយជាប្រភពផ្គត់ផ្គង់សំខាន់មួយ នៃផលិតផលមួយចំនួន ដូចជាស្ករ កៅស៊ូ ផ្លែឈើស្រស់ និងម្រេចទៅកាន់ទីផ្សារអន្តរជាតិ។
យ៉ាងនេះ ក៏ដោយលោកបានគូសបញ្ជាក់ថា «យើងមិនមែនយកចិត្តទុកដាក់តែទៅលើផលិតផលកសិកម្មទេ នៅមានផលិតផលផ្សេងទៀត ដែលបងប្អូន ពាណិជ្ជករ ឧស្សាហករយើងអាចធ្វើការនាំចេញបាន។ អ្វីដែលយើងត្រូវធ្វើបន្ត គឺការច្បាមយកព័ត៌មានទីផ្សារ និងគោរពតាមអនុលោមភាពទៅតាមតម្រូវការទីផ្សារ»។
ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលទាំងនេះ ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមការងារជំរុញការនាំចេញ ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ដូចជាស្វាយចន្ទីជាដើមផងដែរ។
លោក ប៉ែន សុវិជាតិ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេទិកា វេទិកាស្ដីពីវិស័យនាំចេញកម្ពុជា មូលបទ៖ «ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្ដង់ដា គុណភាព និងទីផ្សារអន្តរជាតិ»។
វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ជួយបំពាក់បំប៉ននិងពង្រឹងសមត្ថភាពដល់អ្នកនាំចេញ, បង្កើតឱកាសទំនាក់ទំនងនិងភាពជាដៃគូ និងបទបង្ហាញពីសក្តានុពល នៃវិស័យនាំចេញរបស់កម្ពុជា។ បន្ថែមពីនេះ ក៏មានរៀបចំជាកិច្ចពិភាក្សា និងការធ្វើបទបង្ហាញ ដោយមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ពាក់ព័ន្ធនឹងគោលនយោបាយ និងយន្តការជំរុញការនាំចេញ ច្បាប់និងបទប្បញ្ញត្តិ អនុលោមភាព និងព័ត៌មានទីផ្សារសំខាន់ៗរួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុបផងដែរ៕














