និយ័តករធានារ៉ាប់រងកម្ពុជា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រង តាមកម្មវិធីទូរស័ព្ទដៃ

11-12-2025 11:59

(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ «ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រង តាមកម្មវិធីទូរស័ព្ទដៃ» និងផ្សព្វផ្សាយ «នីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង»

ពិធីនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពីតំណាងអង្គភាពក្រោមឱវាទ អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅសណ្ឋាគារ រ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

លោក ប៊ូ ច័ន្ទភីរូ បានឲ្យដឹងថា ចាប់តាំងឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅឆ្នាំ២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួល២២បណ្ដឹង ច្រើនជាងចំនួនបញ្ហា ក្នុងឆ្នាំ២០២៣ ប្រមាណជា៣ដង។

លោកបន្ដថា ក្នុងឆ្នាំ២០២៥ គិតត្រឹមឆមាសទី១ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្ដឹងធានារ៉ាប់រង តាមប្រព័ន្ធអនឡាញចំនួន២២បណ្ដឹង។ ការណ៍នេះ បង្ហាញឱ្យឃើញថា សារធាណជន កាន់តែមានការយល់ដឹងស៊ីជម្រៅអំពីវិស័យធានារ៉ាប់រង ជាពិសេសយន្តការនៃការទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញ របស់ និយ័តករធានារ៉ាប់រងកម្ពុជា។

នាពេលអនាគត អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា សង្ឃឹមថា យន្តការដោះស្រាយបណ្តឹង តាមប្រព័ន្ធអនឡាញនេះ នឹងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។

លោក ប៊ូ ច័ន្ទភីរូ បានបន្ថែមថា ក្នុងន័យនេះ និយ័តករធានារ៉ាប់រងកម្ពុជា នឹងបន្តផ្សព្វផ្សាយអំពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង ដើម្បីបញ្ញាបការយល់ដឹងបន្ថែម ដល់សាធារណជន និងបង្កើនទំនុកចិត្តមកលើវិស័យធានារ៉ាប់រងនៅកម្ពុជា ដូចបានរៀបចំកម្មវិធីនាថ្ងៃនេះជាតឹកតាង។

បើតាមលោក ប៊ូ ច័ន្ទភីរូ, នាដំណាច់ឆ្នាំ២០២៥ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណ៣៧៥លានដុល្លារអាម៉េរិក នៃបុព្វលាភធានា រ៉ាប់រងដុល ដោយមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៣៥។

ក្រុមហ៊ុនធានារ៉ាប់រងទាំង៣៥នោះ រួមមាន៖ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតមាន១២ ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងទូទៅ មានចំនួន១៧ក្រុមហ៊ុន, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច មានចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងបន្ត មានចំនួន១ក្រុមហ៊ុន។

សូមជម្រាបថា ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ «បណ្ដឹងធានារ៉ាប់រង» នេះ មានគោលបំណងផ្តល់យន្តការ ងាយស្រួលដល់អតិថិជនធានារ៉ាប់រង ក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech) ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដូចខាងក្រោម៖

ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកនូវអាទិភាពគន្លឹះ ចំនួន៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕