ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ កើនឡើងជាង ២៧% ក្នុងរយៈពេល១១ខែឆ្នាំនេះ (Video inside)
11-12-2025 14:35
(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទំហំជាង១១.៨៧ពាន់លានដុល្លារ កើនឡើងជាង២៧.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ៩.៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យនេះបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃជាង១១.៥ពាន់លានដុល្លារកើនឡើង២៧.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានតម្លៃជាង៩ពាន់លានដុល្លារ។ រីឯការនាំចូលពីសហរដ្ឋអាមេរិកមកវិញ មានតម្លៃជាង៣៦៧លានដុល្លារ កើនឡើង៥០.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានតម្លៃជាង២៤៤លានដុល្លារ។
ដោយឡែកគិតតែវិច្ឆិកាឆ្នាំ២០២៥នេះ កម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ១.១ពាន់លានដុល្លារ កើនឡើង៣៣.៦% បើធៀបនឹងឆ្នាំ២០២៤ ដែលមានតម្លៃជាង៨២៨លានដុល្លារ ខណៈសហរដ្ឋអាមេរិកនាំចូលមកវិញមានតម្លៃជាង៤១.២លានដុល្លារ កើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានតម្លៃជាង២៦លានដុល្លារ។
តាមរយៈតួលេខនេះ សបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែល្អប្រសើរ បើទោះបីជាភាគីទាំងកំពុងអនុវត្តពន្ធបដិកាថ្មីក៏ដោយ ខណៈសហរដ្ឋអាមេរិកនៅតែជាទីផ្សារចម្បងសម្រាប់កម្ពុជា។ ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក រួមមានផលិតផលសម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង និងគ្រឿងបង្គុំជាដើម៕





