ក្នុងស្មារតីខ្មែរជួយខ្មែរ! អ្នកជំនាញសេដ្ឋកិច្ច អំពាវនាវដល់អាជីវករលក់អំបុក កុំដំឡើងថ្លៃហួសហេតុ សូមរក្សាតម្លៃធម្មតា (Video inside)

11-12-2025 15:32

(ភ្នំពេញ)៖ តម្រូវការអំបុកសម្រាប់ធ្វើជាអាហារក្រៀម មានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពេលដែលយោធាថៃបើកការឈ្លានពានកម្ពុជា ជាពិសេសក្រោយពេលមានសារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យសប្បុរសជនជួយផ្តល់អំបុកស្រូវថ្មី សម្រាប់ស្បៀងអាហារជូនវីរកងទ័ពនៅជួរមុខ។

តម្រូវការកើនឡើងតម្លៃអំបុកក៏ចាប់ផ្តើមប្រែប្រួល ពោលគឺឡើងថ្លៃជាងមុន ដែលកន្លែងខ្លះកើនឡើងខ្លាំងហួសហេតុ រហូតមានការបង្ហោះរិះគន់តាមបណ្តាញសង្គមទៀតផង ក្នុងកាលៈទេសៈប្រទេសជាតិ កំពុងរងការឈ្លានពានពីប្រទេសថៃ បែរជាឆ្លៀតឡើងថ្លៃយកចំណេញខ្ពស់។ តែក៏មានបងប្អូនអាជីវករខ្លះ មិនដំឡើងថ្លៃនោះដែរ ដោយរក្សាតម្លៃដដែល។ តម្លៃអំបុកតាមធម្មតា ថ្លៃ៤០០០រៀលក្នុង១គីឡូក្រាម។

លោក កើត គួន អ្នកផលិតអំបុក នៅខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានបញ្ជាក់ថា តម្លៃអំបុកចេញពីកន្លែងរបស់លោក មានតម្លៃ ១គីឡូក្រាម ៤០០០រៀល សម្រាប់តម្លៃបោះដុំ។ លោកថា ក្នុងកាលៈទេសៈបែបណា ក៏លោកមិនដំឡើងថ្លៃដែរ។

លោកបានបញ្ជាក់ថា «គោលការណ៍របស់ខ្ញុំ គឺខ្ញុំលក់ក្នុងតម្លៃ៤០០០រៀល (ក្នុង១គីឡូ) ជាដរាបមកសម្រាប់តម្លៃបោះដុំ។ ខ្ញុំលក់បោះដុំក៏ប៉ុណ្ណឹង លក់ដល់បងប្អូនសប្បុរសជនក៏ប៉ុណ្ណឹង អាស្រ័យទៅតាមហាងឆេងទូទៅ។ ខ្ញុំមិនបានដឹងតម្លៃអំបុកខាងក្រៅឡើងនោះទេ តែសម្រាប់សិប្បកម្មខាងខ្ញុំ អ្វីៗគ្រប់យ៉ាង គឺខ្ញុំនៅរក្សាតម្លៃដដែល»

តែយ៉ាងណាអាជីវករលក់អំបុកនៅខេត្តបាត់ដំបងម្នាក់ទៀត បាននិយាយថា ថ្មីៗនេះមានអ្នកប្រមូលទិញស្រូវ កែច្នៃទៅជាអំបុក ហើយលក់បំប៉ោងតម្លៃខ្ពស់ ដែលនាំឱ្យប៉ះពាល់ដល់កសិករតូចតាច។

សម្រាប់អំបុកអ្នកខេត្តសៀមរាប, អ្នកស្រី ផាវី អ្នកប្រមូលទិញអំបុកពីកសិករ បានលើកឡើងថា ពីមុនមកតម្លៃអំបុកដែលគាត់ប្រមូលទិញពីកសិករ គឺ១គីឡូក្រាម ៥៥០០រៀល ដោយលក់ចេញ ៦០០០រៀលប៉ុណ្ណោះ។ ប៉ុន្តែ ពីរ-បីថ្ងៃក្រោយនេះ តម្រូវការអំបុកកើនឡើងខ្លាំង ធ្វើឱ្យមានការប្រកួតប្រជែងតម្លៃនៅតាមសហគមន៍ បណ្ដាលឱ្យទីផ្សារតម្លៃមិនមានលំនឹង។

អ្​នកស្រីថា «ខ្ញុំជាអ្នកចុះទិញតាមភូមិផ្ទាល់ពីកសិករ គឺឈ្មួញកណ្ដាលហ៊ានដំឡើងថ្លៃអំបុកពី៥០០ ទៅ១០០០រៀលទៅអ្នកភូមិ មានន័យថាគាត់ហ៊ានឱ្យតម្លៃលើសពីតម្លៃដើម ហើយពេលគាត់យកទៅលក់បន្តក្នុងតម្លៃ ៨០០០រៀល ឱ្យអ្នកបន្តទៀត ដែលនេះជាហេតុផលធ្វើឱ្យថ្លៃអំបុកកើនខ្ពស់»

អ្នកស្រី សួស សុទ្ធាវី អ្នកចែកចាយអំបុកនៅរាជធានីភ្នំពេញ ដោយយកអំបុកពីខេត្តកំពង់ធំ ក្នុងតម្លៃ ៨០០០ ទៅ១០,០០០រៀល មកលក់បន្តនៅភ្នំពេញ។

អ្នកស្រី សុទ្ធាវី បានបញ្ជាក់ថា «សម្រាប់អំបុកនៅខេត្តកំពង់ធំ គឺធ្វើដោយត្បាល់ ប្រើប្រាស់កម្លាំងដៃសុទ្ធ ដូច្នេះតម្លៃអាចខុសពីអំបុកធ្វើដោយម៉ាស៊ីន ទើបធ្វើឱ្យតម្លៃអំបុកខេត្តកំពង់ធំខ្ពស់ជាងបណ្ដាខេត្តផ្សេងៗទៀត។ ក៏ប៉ុន្តែតម្លៃដែលយើងឃើញនៅលើបណ្ដាញសង្គម គឺជនឆ្លៀតឱកាសមួយចំនួន ចង់ចំណេញលក់បំប៉ោងតម្លៃ»។​​

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកលក់អំបុកមិនគួរដំឡើងថ្លៃបែបនេះទេ គួរណាតែជាការសម្រាលបន្ទុកមួយសម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងទិញយកទៅប្រគល់ជូនវីវកងទ័ពរបស់យើងនៅជួរមុខ។ ជាពិសេស គឺជួយដល់តម្លៃស្រូវ ហើយការកែច្នៃពីស្រូវទៅអំបុកនេះ ធ្វើឱ្យតម្លៃស្រូវបានប្រសើរជាមុនផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានអំពាវនាវដល់សប្បុរសជន ក្នុងពេលស្រូវថ្មីកំពុងច្រូតកាត់ សូមជួយទិញស្រូវធ្វើអំបុក ឬជួយទិញអំបុក ពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់ ១គីឡូក្រាម ឬ២គីឡូក្រាម សម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន៕