កម្ពុជាទទួលជើងហោះហើរត្រង់ជាផ្លូវការ ភ្ជាប់ពីទីក្រុង Istanbul ប្រទេសតួកគីយ៉េ មកកាន់រាជធានីភ្នំពេញ របស់កម្ពុជា

11-12-2025 20:56

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline បានភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់រាជធានីភ្នំពេញជាផ្លូវការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នាអាកាសយានដ្ឋានអន្តរជាតិតេជោ។

ជើងហោះហើរលើកដំបូងនេះ ដោយមានអ្នកដំណើរសរុបចំនួន១០៩នាក់ (៨៤ នាក់ Economic និង២៥នាក់ Business class) ហើយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រលប់ទៅទីក្រុង Istanbul វិញមានចំនួនសរុប ៨៥ នាក់ (៧៧នាក់ Economic និង ៨ នាក់Business class)។

ក្នុងកម្មវិធីនារសៀលនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ប៊ីឡាល់ ឯកស៊ី នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ទួរគី, លោកស្រី អ៊ុលគុ កូកាហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្ដែងនូវក្ដីរីករាយ និងលើកឡើងថាជើងហោះហើរនេះនឹងប្រតិបត្តិការហោះដោយយន្តហោះ B777-300ER ជាមួយនឹងកាលវិភាគចំនួន ៣ជើងក្នុង១សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ហើយនេះជាសមិទ្ធផលសំខាន់មួយក្នុងការអភិវឌ្ឍអាកាសចរណ៍កម្ពុជា និងឆ្លុះបញ្ចាំងពីតួនាទីកាន់តែរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសដែលមានភាពស្វាហាប់ និងមានការតភ្ជាប់គ្នានៅក្នុងតំបន់ និងលើសពីនេះ។

លោកបន្តថា ការបង្កើតផ្លូវហោះហើរថ្មីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជានោះទេ ថែមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហការកាន់តែជ្រាលជ្រៅរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអាកាសចរណ៍ទួរគី ចំពោះការជឿទុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការដាក់ឱ្យដំណើរការជើងហោះហើរមកកម្ពុជា។

ដោយឡែក លោក ប៊ីឡាល់ ឯកស៊ី នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ទួរគី បានលើកឡើងថា ផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់កម្ពុជាមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងការតភ្ជាប់នៅអាស៊ីអាគ្នេយ៍ និងមានគម្រោងប្រតិបត្តិការជើងហោះហើរនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើររវាងប្រទេសកម្ពុជា ទួរគី និងប្រទេសដទៃទៀតផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Turkish Airlines មានគោលដៅហោះហើរដល់ជាង ៣៥០កន្លែងដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុមហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយ។ ចំពោះកម្ពុជា, ក្រុមហ៊ុន Turkish Airlines នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ទី ៣៦, ជាប្រទេសទី ១៧ និងទីក្រុងទី៤៦ ដែលធ្វើប្រតិបត្តិការចូល-ចេញកម្ពុជា៕