ទោះអាចប៉ះប្រាក់ចំណេញ! អេស៊ីលីដានឹងមិនគិតការប្រាក់ ចំពោះឥណទានដែលពន្យារពេលសងត្រឡប់ដល់យុទ្ធជន និងជនភៀសសឹក ក្នុងទំហំទឹកប្រាក់ជាង ៧០លានដុល្លារឡើយ
17-12-2025 11:05
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ធនាគារអេស៊ីលីដា នឹងលើកលែងការទូទាត់សងការប្រាក់ចំពោះឥណទានដែលធនាគារបានពន្យារពេលត្រឡប់ដល់យុទ្ធជន និងជនភៀសសឹក បើទោះបីជាប៉ះពាល់ដល់ប្រាក់ចំណេញរបស់ខ្លួន នៅឆ្នាំក្រោយក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានរងការឈ្លានពានពីថៃម្តងទៀត ក្នុងខែធ្នូនេះ ធនាគារអេស៊ីលីដា បានប៉ាន់ប្រមាណថា ទំហំទឹកប្រាក់ដែលនឹងត្រូវអនុគ្រោះផ្តល់ការពន្យារពេលសងត្រឡប់ដល់ជនភៀសសឹក និងយុទ្ធជន ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ មានទំហំជាង ៧០លានដុល្លារដែលស្មើនឹង១០% នៃឥណទានសរុបនៅតំបន់ជាប់ព្រំដែន និងបានត្រៀមលុបចោលបំណុលក្នុងទំហំទឹកប្រាក់ រហូតដល់ ៣០លានដុល្លារអាមេរិកបន្ថែមទៀត ដល់យោធិនពលី របួស ពិការ នៅលើសមរភូមិ ដែលជាអតិថិជនឥណទានរបស់ធនាគារ អេស៊ីលីដា បន្ថែមពីការលុបបំណុលនាពេលកន្លងមកក្នុងទំហំទឹកប្រាក់ជាង ៤លានដុល្លាអាមេរិក។
អនុវត្តតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលចេញកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារអេស៊ីលីដានឹងផ្តល់ការអនុគ្រោះពន្យារពេលសងត្រឡប់ ដល់ជនភៀសសឹករហូតខែមីនា ឆ្នាំ២០២៦ និងអនុគ្រោះដល់យុទ្ធជន រហូតដល់ខែឧសភា ឆ្នាំ២០២៦។
លោកបានគូសបញ្ជាក់ថា «យើងសុខចិត្តថា យើងទារចំណេញអីតែឯង បើគាត់រងគ្រោះដែរ យើងត្រូវបំពេញឱ្យគ្នា ព្រោះថាយើងធ្វើអាជីវកម្មបានលុះត្រាតែគាត់ធ្វើបានដែរ យើងចង់ឱ្យគាត់រីកចម្រើនដូចយើងអីចឹង។ ដូច្នេះហើយយើងបានរួមចំណែកជាមួយរដ្ឋាភិបាល រួមចំណែកជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីជួយអតិថិជនក្នុងគ្រាលំបាក»។
ធនាគារជាតិកម្ពុជាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី និងលុបចោលបំណុល១០ លានរៀល ចំពោះទាហានរបួសពិការនៅសមរភូមិ។ បន្ថែមពីនេះត្រូវលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន គិតចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធ, លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ធនាគារអេស៊ីលីដា មានសាខា និងការិយាល័យនៅតាមខេត្ត នៅជាប់ព្រំដែនថៃចំនួន២៥ ដោយមានអតិថិជនជាប់ឥណទានជាង ៥ម៉ឺន ២ពាន់នាក់ សរុបទំហំទឹកប្រាក់ ៧០០លានដុល្លារ៕









