ម្ចាស់អាជីវកម្មចម្រុះវិស័យជួបជុំគ្នាពិភាក្សាពីបញ្ហាប្រឈម ដំណោះស្រាយ ឱកាសថ្មីនៃការធ្វើអាជីវកម្ម និងពង្រឹងស្មារតីធ្វើអាជីវកម្មឱ្យកាន់តែខ្លាំងជាងមុន ក្នុងគ្រាថៃឈ្លានពាន
17-12-2025 19:36
(ភ្នំពេញ)៖ ម្ចាស់អាជីវកម្មចម្រុះវិស័យ បានជួបជុំគ្នាពិភាក្សាពីបញ្ហាប្រឈម និងរកដំណោះស្រាយលើការធ្វើអាជីវកម្មទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង និងការចាប់យកឱកាសអាជីវកម្មថ្មី ព្រមទាំងពង្រឹងស្មារតីធ្វើអាជីវកម្មឱ្យកាន់តែខ្លាំងជាងមុន ក្នុងអំឡុងពេលថៃឈ្លានពាន ដើម្បីជំរុញការធ្វើធុរកិច្ចនៅកម្ពុជាឲ្យកាន់តែមានភាពខ្លាំងក្លា។
ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិ វិទ្យាស្ថាន ស៊ីអ៊ីអូ បានមានប្រសាសន៍ថា ខណៈថៃកំពុងតែឈ្លានពេលកម្ពុជា គឺជាពេលដែលម្ចាស់អាជីវកម្មទាំងអស់ត្រូវពង្រឹងស្មារតី និងពង្រឹងលទ្ធភាពផលិតរបស់ខ្លួន និងត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ព្រោះម្ចាស់អាជីវកម្មក៏ជាទ័ពសេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការជួយទៅដល់រដ្ឋាភិបាលទប់ទល់នឹងសត្រូវខាងក្រៅផងដែរ។
លោកបញ្ជាក់ថា ការជួបជុំនាពេលនេះគឺពិតជាសំខាន់ណាស់ដោយសារ សហគ្រិនដែលជាម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស កំពុងរកអ្នកជួយបង្ហាញផ្លូវ និងផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក ដើម្បីនាំអាជីវកម្មពួកគាត់ឱ្យឆ្លងផុតក្នុងគ្រាលំបាកនេះ។
លោកទទួលស្គាល់ថា ការឈ្លានពានរបស់ថៃ បានបង្កើតជាបញ្ហាថ្មីមួយទៀតសម្រាប់ពាណិជ្ជកម្មកម្ពុជា បន្ថែមពីលើបញ្ហាដែលកើតមាននាពេលកន្លង។ ទោះបីជាយ៉ាងណា ក៏បង្កើតជាឱកាសថ្មីសម្រាប់ សហគ្រិនដែលម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាសចាប់យកផងដែរ។ ជាក់ស្តែង អាជីវកម្មក្នុងវិស័យម្ហូបអាហារគឺជាអាជីវកម្មមួយដ៏ល្អ ដែលត្រូវគិតគូរការចាប់យក ដើម្បីផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ជំនួសការនាំចូល។
ក្នុងឱកាសនេះ ដែរលោក អំពាវដល់ប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ និងការផលិតក្នុងស្រុកឱ្យកាន់តែរឹងមាំ។
ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងថា ក្នុងឱកាសនេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងសមត្ថភាព និងចាប់យកបច្ចេកវិទ្យាឲ្យបាន ដើម្បីជាមធ្យោបាយសម្រាប់ ការពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន នៅក្នុងដំណាក់កាលដែលថៃកំពុងឈ្លានពាន ដើម្បីជំរុញដល់ដំណើរការអាជីវកម្មទៅដោយរលូន និងដើម្បីឈានទៅប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងស្រុក តំបន់ និងសកលលោក។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ បានចែករំលែកនូវចំណេះដឹងបទពិសោធន៍ និងបង្ហាញនូវគន្លឹះ ភាពជោគជ័យមួយចំនួន ដល់ម្ចាស់សហគ្រិនដែលជាម្ចាស់អាជីវកម្មបានស្វែងយល់បន្ថែម។ លោកបានលើកឡើងថា ក្នុងការធ្វើអាជីវកម្ម តែងតែជួបនូវបញ្ហា ដូច្នេះហើយម្ចាស់ត្រូវត្រៀមលក្ខណៈ និងយុទ្ធសាស្រ្តសម្រាប់ដោះស្រាយ។ ក្នុងនោះ បញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់ ហេតុនេះត្រូវចាត់ចែងការចាយវាយឱ្យបានត្រឹមត្រូវ និងជំរុញការលក់ផលិតផលដែលមានតម្រូវការលើទីផ្សារ ជាពិសេសការរួមគ្នាជាកំលាំងគ្នា និងធនធានដើម្បីពង្រីកចលនាលើទីផ្សារឱ្យ ដំណើរការនិងខ្លាំងជាងមុន៕
សូមជម្រាបថា ក្នុងវេទិកាម្ចាស់អាជីវកម្ម ជួបគ្នាក្នុងគ្រាសៀមឈ្លានពានកម្ពុជា បានធ្វើឡើងនៅថ្ងៃល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វិទ្យាស្ថាន ស៊ីអ៊ីអូ ដោយមានការចូលរួមពីម្ចាស់អាជីវកម្មពីវិស័យនានា ដូចជាវិស័យអចនលទ្រព្យ SMEs កសិកម្ម និងសេវាកម្មផ្សេងៗ៕














