ការពហិការឈប់ប្រើទំនិញថៃ ជំរុញឱ្យស្រ្តីម្ចាស់សិប្បកម្មមរតកដូនតា កែច្នៃ «ស្លឹកគរ» ទៅផលិតផលប្រើប្រាស់ប្រចាំថ្ងៃ បំពេញតម្រូវការក្នុងស្រុក និងជួយដល់កសិករ (Video inside)

19-12-2025 15:53

(ភ្នំពេញ)៖ បន្ទាប់ពីកម្ពុជា ត្រូវបានថៃឈ្លានពានមក បានជំរុញឱ្យសហគ្រិនក្នុងស្រុករិះរកមធ្យោបាយអភិវឌ្ឍន៍ផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានទៅកាត់បន្ថយការនាំចូលជាបណ្តើរៗ ក្នុងគោលដៅរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។

ដោយមើលឃើញពីឱកាសនេះ លោកស្រី កែន មន្នីរតនា និងគ្រួសារ បានចាប់ផ្តើមកែច្នៃ «ស្លឹកគរ» ទៅផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដូចជា សាប៊ូកក់សក់ សាប៊ូដុសខ្លួន សាប៊ូដុសមុខ​ ដែលមានគុណភាព មិនចាញ់ផលិតផលនាំចូលឡើយ។

លោកស្រី កែន មន្នីរតនា ម្ចាស់សិប្បកម្មមរតកដូនតា បានលើកឡើងថា ចាប់តាំងពីឆ្នាំពាក់កណ្តាលឆ្នាំ២០២៥មក លោកស្រី និងគ្រួសារ បានសាកល្បងកែច្នៃស្លឹកគរទៅជាសាប៊ូកក់ សាប៊ូដុសខ្លួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដោយមើលឃើញថា សាប៊ូនេះមានគុណភាពល្អ ហើយស្របពេលដែលពលរដ្ឋកម្ពុជា ពហិការឈប់ប្រើប្រាស់ទំនិញថៃ និងងាកមកប្រើប្រាស់ផលិតផលខ្មែរ បានជំរុញឱ្យលោកស្រីពង្រីកការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ក្រៅពីសាប៊ូកក់ និងដុសខ្លួន ពេលបច្ចុប្បន្ននេះ សិប្បកម្មមរតកដូនតា បានបង្កើតនូវផលិតផលខ្មែរ បន្ថែមទៀត ដូចជា សាប៊ូដុសមុខ ម៉ាសបិទមុខ និងស្រ្ដាប់អប់ខ្លួន ដែលមានលក្ខណៈបុរាណទាំងអស់។

បច្ចុប្បន្ននេះ ផលិតផលមរតកដូនតា បាននិងកំពុងដាក់លក់នៅលើទីផ្សារ និងទទួលបានការគាំទ្រពីអតិថិជន ព្រោះផលិតផលទាំងនោះ ក៏មានការទទួលស្គាល់ពីក្រសួងឧស្សាហកម្មផងដែរ។ តែយ៉ាងណាក៏ដោយ លោកស្រីបានឱ្យដឹងថា ដោយសារសិប្បកម្មមរតកដូនតា ជាសិប្បកម្មលក្ខណៈគ្រួសារ និងផលិតដោយដៃ ដូច្នេះការផលិតមានទំហំប៉ុណ្ណោះ៕

​សូមស្ដាប់ការលើកឡើងរបស់ លោកស្រី កែន មន្នីរតនា ដូចតទៅ៖