មន្រ្តីធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋថា បន្ថែមពីការបណ្តុះបណ្តាលរបស់ធនាគារជាតិ អតិថិជនក៏ត្រូវតែប្រុងប្រយ័ត្ន ចំពោះការអូសទាញ ដែលនាំឱ្យចាញ់បោកក្រុមឆបោកតាមអនឡាញ (Video inside)

20-12-2025 14:41

(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋថា បន្ថែមពីការបណ្តុះបណ្តាលរបស់ធនាគារជាតិ អតិថិជនក៏ត្រូវតែប្រុងប្រយ័ត្នចំពោះការអូសទាញ ដែលនាំឱ្យចាញ់បោកក្រុមឆបោកតាមអនឡាញ។

លោកស្រី រ័ត្ន និមល បានថ្លែងថា ចំពោះការឆបោករបស់ជនឆបោកច្រើនតែមានការផ្សព្វផ្សាយតាម TikTok, Facebook ជាដើម ដោយអូសទាញឲ្យវិនិយោគ កន្លងមកធនាគារជាតិនៃកម្ពុជា តែងចា​ប់ដៃគូសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ជ្រាបចំណេះដឹង ទៅដល់សាធារណជន ដោយបង្កើតជាវគ្គបណ្ដុះបណ្ដាល ឃ្លីបវីដេអូណែនាំផងដែរ។

លោកស្រីបានបន្ដថា សាធារណជនត្រូវចេះថ្លឹងថ្លែងដោយខ្លួនឯង មុននឹងជឿជាក់លើអ្វីមួយ ព្រោះថា ត្បិតថាយើងបានណែនាំច្រើនក៏ពិតមែន ប៉ុន្ដែក៏នៅតែមានសាធារណជនអាចចន្លោះប្រហោង ដែលនាំឲ្យមានការចាញ់បោក ដោយច្នេះប្រសិនបើអតថិជនមានបញ្ហាទៅលើការប្រើប្រាស់ App ធនាគារណាមួយ សូមមេត្តាទៅដល់ធនាគារដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានផ្សេងៗ សូមកុំផ្ដល់លេខសម្ងាត់ណាមួយ ឬគណនីទៅដល់ជនដែលមិនស្គាល់៕

សូមស្ដាប់ការលើកឡើងរបស់លោកស្រី រ័ត្ន និមល៖