អ្នកឧកញ៉ា គិត ម៉េង អំពាវនាវដល់វិនិយោគិន និងម្ចាស់រោងចក្រទាំងអស់ គោរពច្បាប់កម្ពុជា ពិសេសវិធានដើមកំណើតទំនិញ សម្រាប់នាំចេញទៅទីផ្សារអាម៉េរិក
22-12-2025 16:58
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានបន្តអំពាវនាវឱ្យវិស័យឯកជន ក៏ដូចជា ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ដែលផ្តោតលើការនាំចេញ ទៅកាន់សហរដ្ឋអាម៉េរិក ត្រូវគោរពច្បាប់របស់កម្ពុជា ជាពិសេសវិធានដើមកំណើតទំនិញ ដោយព្រមានថា ការរំលោភបំពានណាមួយអាចធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ពាណិជ្ជកម្ម និងការចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិករបស់កម្ពុជា។
ការអំពាវនាវរបស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជាសហអធិបតីជាមួយបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នៅសាលាជាតិគយ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណ ៥០០នាក់ មកពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, វិនិយោគិនបរទេស, តំណាងក្រុមហ៊ុន រោងចក្រ អ្នកនាំចេញ នាំចូល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ថ្លែងនៅក្នុងសិក្ខាសាលានេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា សិក្ខាសាលានេះ គឺទាន់ពេលវេលា និងមានសារៈសំខាន់យ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះភាពសុចរិត តម្លាភាព និងការអនុលោមតាមស្តង់ដារពាណិជ្ជកម្មអន្តរជាតិយ៉ាងពេញលេញ។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា «គោលការណ៍ទាំងនេះមានសារៈសំខាន់ណាស់ក្នុងការការពារភាពជឿជាក់នៃការនាំចេញរបស់កម្ពុជា និងរក្សាទំនុកចិត្តពីដៃគូ និងវិនិយោគិនអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក»។ អ្នកឧកញ៉ាបន្តថា៖ «យើងនៅតែប្តេជ្ញាចិត្តក្នុងការបន្តកិច្ចពាក់ព័ន្ធពាណិជ្ជកម្មដោយមានលក្ខណៈស្ថាបនា និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក»។
អ្នកឧកញ៉ា បានកត់សម្គាល់ថា ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រីកឧស្សាហកម្ម និងការធ្វើពិពិធកម្មពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញដ៏សំខាន់សម្រាប់ផលិតផលកម្ពុជា ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ និងកាន់តែខ្លាំងឡើងសម្រាប់ផលិតផលកសិកម្ម ការផលិត ភស្តុភារកម្ម និងបច្ចេកវិទ្យា។
អ្នកឧកញ៉ាប្រធាន បានចង្អុលបង្ហាញថា បើនិយាយចំពោះវិស័យបច្ចេកវិទ្យា មនុស្សជាច្រើនប្រហែលជាមិនដឹងថា នៅក្នុងវិស័យដូចជា ធនាគារ និងឧស្សាហកម្មសំខាន់ៗ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ប្រហែល ៨៥%នៃបច្ចេកវិទ្យា និងប្រព័ន្ធដែលកំពុងប្រើប្រាស់មានប្រភពមកពីសហរដ្ឋអាមេរិក។ នេះគូសបញ្ជាក់ពីជម្រៅនៃភាពជាដៃគូសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់យើង ដែលយើងត្រូវតែដឹង ហើយយើងមិនត្រូវមើលរំលងអំពីរឿងនេះទេ។
ដើម្បីថែរក្សាទីផ្សារសហរដ្ឋអាម៉េរិក និងបន្តទាក់ទាញការវិនិយោគ អ្នកឧកញ៉ាប្រធាន បានអំពាវនាវដល់វិនិយោគិន ក្រុមហ៊ុនផលិត និងម្ចាស់រោងចក្រ ឱ្យគោរពច្បាប់កម្ពុជាយ៉ាងតឹងរ៉ឹង ធានាថា វត្ថុធាតុដើមនាំចូលគោរពតាមវិធានដើមកំណើតទំនិញច្បាស់លាស់ និងចៀសវាងដាច់ខាតនូវការប្រព្រឹត្តបទល្មើសក្លែងបន្លំដើមកំណើតទំនិញតាមគ្រប់រូបភាព សម្រាប់នាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក។
អ្នកឧកញ៉ា បានព្រមានថា ការរំលោភបំពានបែបនេះ អាចប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មរួមរបស់កម្ពុជា និងបង្កឱ្យមានការស៊ើបអង្កេតដោយអាជ្ញាធរសហរដ្ឋអាម៉េរិក។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងទៀតថា ការក្លែងបន្លំដើមកំណើតទំនិញ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចរចាដោយជោគជ័យក្នុងការបញ្ចប់ពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក ដែលឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ក្នុងអត្រា ១៩% ជាមួយប្រលោកធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ប្រធាន ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងផ្នែកបច្ចេក ទេសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់។ កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជននេះ ជាភស្តុតាងច្បាស់លាស់នៃប្រសិទ្ធភាពនៃភាពជាដៃគូរបស់យើង ក្នុងក្របខណ្ឌយន្តការសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។













