ស្វាយចន្ទីកែច្នៃរបស់កម្ពុជាចំនួន ១២តោន ត្រូវបាននាំចេញជាលើកដំបូងទៅកាន់​ប្រទេសហ្ស៊​កដា​នី​ ក្នុងតំបន់មជ្ឈិមបូព៌ា

23-12-2025 15:41

(ភ្នំពេញ)៖ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាមួយកុងតឺន័រ ដែលមានបរិមាណ ១២តោន ត្រូវបាននាំចេញទៅកាន់ប្រទេស​ហ្ស៊​កដា​នី (Jodan) ក្នុងតំបន់មជ្ឈិមបូព៌ា (Middle East) ជាលើកដំបូង ​នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ​ដែលជាជោគជ័យមួយរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងផែនការពង្រីកទីផ្សារថ្មីសម្រាប់ទំនិញស្វាយចន្ទី​​។

លោកស្រី សម្បត្តិ កល្យាណ នាយិកាប្រតិបត្តិក្រុមហ៊ុន អ៊ែមភល អាហ្រ្គោប្រដាក់ ដែលជាក្រុមហ៊ុននាំចេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ​ហ្ស៊​កដា​នី ជាទីផ្សារថ្មីមួយទៀតនៅតំបន់ Middle East​ ដែលនេះជា គឺជំហានសំខាន់មួយ សម្រាប់ក្រុមហ៊ុន Ample ក្នុងការពង្រីកទីផ្សារស្វាយចន្ទីកម្ពុជា ទៅកាន់តំបន់អន្តរជាតិ។

លោកស្រីបានប្រាប់បន្ថែមថា ក្រុមហ៊ុនដែល​សម្រេចចិត្តទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជានេះ គឺជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត នៅតំបន់ Middle East ទាំងមូល។​ ហើយនេះ គឺ​ជាលើកទីមួយហើយ ដែលក្រុមហ៊ុនមួយនេះសំរេចចិត្តទិញពីកម្ពុជាផ្ទាល់ ​ដោយសារស្វាយចន្ទីកម្ពុជា មានគុណភាពល្អ គ្រាប់ធំ ស្អាត និងមានរសជាតិឆ្ងាញ់បែបធម្មជាតិ ក៏ដូចជាមានប្រភពដើមដាំច្បាស់លាស់ និងអាចតាមដានបាន។ បន្ថែមពីនេះ គេកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្ដានុពលខ្ពស់ ក្នុងការផ្គត់ផ្គង់ស្វាយចន្ទីក្នុងបរិមាណធំ ​ខណៈក្រុមហ៊ុន Ample បានផ្តោតសំខាន់ទៅលើគុណភាព អនុលោមតាមស្តងដាសុវត្ថិភាពចំណីអាហារពិភពលោក។

លោកស្រី សម្បត្តិ កល្យាណ បានឱ្យដឹងថា ការឈានទៅដល់ការនាំចេញគ្រាប់ស្វាយចន្ទី ជា​លើកដំបូងនេះ បន្ទាប់ពី ក្រុមហ៊ុន Ample បានទៅចូលរួមការតាំងពិព័រណ៌ចំណីអាហារពិភពលោក ឆ្នាំ២០២៥ នៅប្រទេសអាល្លឺម៉ង់ ដែលជាពិព័រណ៍ពាណិជ្ជកម្មអាហារធំបំផុតនៅអឺរ៉ុប​ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម។ ​​

​លោកស្រីបន្ថែមថា «ការបញ្ជាទិញនេះ គឺជាកាបញ្ជាទិញសាកល្បង ហើយសង្ឃឹមថានឹងមានការដាក់បញ្ជាទិញជាបន្តបន្ទាប់ ក្នុងរដូវវកាលសាកប្រមូលផលថ្មី ឆ្នាំ២០២៦ ខាងមុខនេះ»

​បើតាមលោកស្រី​ សម្បត្តិ កល្យាណ បច្ចុប្បន្ននេះ ដំណាំស្វាយចន្ទីត្រូវបានដាំដុះលើផ្ទៃដីប្រមាណជាង ៦៣​ម៉ឺនហិកតា ​និងមានទិន្នផលចន្លោះពី ៨៥០,០០០ ដល់ ៩៥០,០០០ តោន ​ក្នុងមួយឆ្នាំ ដែលធ្វើឱ្យកម្ពុជាជាប្រទេសផលិតចន្ទីស្រស់លំដាប់ទី២ នៅលើពិភពលោក។ តាម​គោលនយោបាយជាតិស្វាយចន្ទី ២០២២-២០២៧ រាជរដ្ឋាភិបាលមានគោលដៅ​កែច្នៃស្វាយចន្ទីឱ្យបាន២៥% ក្នុងឆ្នាំ២០២៧ និង ៥០% ក្នុងឆ្នាំ២០៣២៕