កម្ពុជាទទួលចំណូលបានជាង ១ ២១៩លានដុល្លារ កើនឡើងជាង៥៧% ក្នុងការនាំចេញសំបកកង់រថយន្ដ ក្នុងរយៈពេល ១១ខែឆ្នាំនេះ

23-12-2025 16:21

(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញសំបកកង់រថយន្ដ ក្នុងទំហំទឹកប្រាក់ ១ ២១៩លានដុល្លារ កើនឡើង៥៧.៨៨% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤​ មានចំនួន ៧៧២លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមអ្នកជំនាញលើផ្នែកពាណិជ្ជកម្ម, ការកើនឡើងនេះ ដោយសារតែមានការទាកទាញ់វិនិយោគ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យរោងចក្រផលិតសំបកកង់រថយន្ដ មកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាឈានដល់ការនាំចេញសំបកកង់រថយន្ដ។

បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការរួមមាន៖

ទី១៖ ក្រុមហ៊ុន CART TIRE CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ (ខេត្ដស្វាយរៀង) បានដំណើរការនៅឆ្នាំ២០២១ លើទំហំផ្ទៃដី ៥០ហិកតា ក្រោមទុនវិនិយោគ ៧៨៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, កាណាដា, សមគមន៍អីរ៉ុប និងអាស៊ី ដែលម៉ាក «Sailun»។

ទី២៖ ក្រុមហ៊ុន GENERAL TIRES TECHNOLOGY (CAMBODIA) CO.,LTD នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (ខេត្ដព្រះសីហនុ) បានដំណើរការ នៅឆ្នាំ២០២២ លើទំហំផ្ទៃដី២០ហិកតា ក្រោមទុនវិនិយោគ២៩៧លានដុល្លារ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក និងមានគម្រោងនាំចេញទៅទីផ្សារប្រទេសប្រេស៊ីល ដែលម៉ាក «Sailun»។

ទី៣៖ រោងចក្រផលិតសំបកកង់រថយន្ដ ក្រុមហ៊ុន NEWBUSTAR (Cambodia) នៅតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតនៅស្រុកស្នួល តម្លៃជាង ១៣៨លានដុល្លារ បានបើកឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានទីផ្សារនាំចេញ ទៅអាមេរិក, សហគមន៍អីរ៉ុប និងប្រទេសប្រេស៊ីល ដែលមានម៉ាក «DoubleStar»។

សូមជម្រាបថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ផ្ទៃដីកៅស៊ូកម្ពុជា សរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា ស្មើនឹង២២%៕