គម្រោងវិនិយោគចំនួន ៤១២គម្រោងនៅខេត្តព្រះសីហនុ ទុនវិនិយោគ ៧៩០០លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល២ឆ្នាំ

25-12-2025 21:47

(ព្រះសីហនុ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ក្នុងឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំគឺ ២០២៤-២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ៤១២គម្រោង ជាមួយទុនវិនិយោគប្រមាណ ៧ ៩៧១ លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ ៥២ ០០០ កន្លែង។

ដោយឡែកក្នុងឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេសចំនួន១៩៩ គម្រោងស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១៥០គម្រោង, ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៩២គម្រោង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៩០ គម្រោង, ការពង្រីកគម្រោង ចំនួន ៩ គម្រោង និង គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៨ គម្រោង ដោយគ្របដណ្តប់លើ វិស័យអចលនទ្រព្យ, ឧស្សាហកម្ម, ទេសចរណ៍ អប់រំ ។ល។

ក្រៅពីនេះ, ក្រុមការងារបានអនុវត្តវិធានការនានា ដោយរលូន ស្របតាមកម្មវិធីពិសេស ដោយមានកិច្ចសហការខ្ពស់ និង ការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ដោយផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តកម្មវិធីពិសេសនេះ រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយរក្សាវិធានការដដែល និង បន្ថែមវិធានការចំនួន ៤ ទៀត រួមមាន ១). សម្របសម្រួល និង ជំរុញការវិនិយោគក្នុងស្រុក, ២). សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និង កម្មករ, ៣). ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ និង បច្ចេកវិទ្យា និង ៤). ជំរុញការប្រើប្រាស់ធាតុផ្សំ និង ទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និង រោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ។

ជាមួយនេះ, លោកបណ្ឌិតសភាចារ្យ បានដាក់ចេញទិសដៅការងារបន្ត ក្នុងឆ្នាំ ២០២៦ និង ២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្ត។

សូមជម្រាបជូនថា សម្រាប់រយៈពេល ២ ឆ្នាំ (២០២៤-២០២៥) ក្នុងចំណោម ៤១២ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស, គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ១៣៤ គម្រោង ស្មើនឹង ៣៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១៦២ គម្រោង ស្មើនឹង ៣៩%, និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ១១៦ គម្រោង ស្មើនឹង ២៨%។

ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ និង ថ្លែងអំណរគុណចំពោះលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់កិច្ចសហការខ្ពស់, ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និង លេខាធិការដ្ឋានក្រុមការងារ ដែលបានបំពេញបេសកកម្ម យ៉ាងសកម្ម និង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងរយៈពេល ២ ឆ្នាំ (២០២៤-២០២៥) កន្លងមកនេះ ។

លទ្ធផលដែលសម្រេចបាននេះ, ជាពិសេស ការដោះស្រាយគម្រោងអគារជាប់គាំង និង ការកសាងទំនុកចិត្តជូនវិនិយោគិន គឺកើតចេញពីកិច្ចសហការគ្នាជាធ្លុងមួយ ដែលក្នុងនោះ ក្រសួង-ស្ថាប័ន បានផ្តល់ការអនុគ្រោះ និង ភាពបត់បែន, រដ្ឋបាលខេត្ត បានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង យ៉ាងមានប្រសិទ្ធភាព, និង លេខាធិការដ្ឋានក្រុមការងារ បានដើរតួជាសេនាធិការ និង ច្រកចេញចូលតែមួយយ៉ាងសកម្ម ៕