ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំដល់បណ្តាក្រសួងស្ថាប័ន ត្រូវសន្សំសំចៃលើការរៀបចំពិធី ឬព្រឹត្តិការណ៍ និងការចុះបេសកកម្មរបស់មន្រ្តីទាំងក្នុង និងក្រៅប្រទេស
26-12-2025 17:06
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្នុងការគ្រប់គ្រងថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ក្រសួងនឹងរឹតបន្តឹងការត្រួតពិនិត្យចំណាយ លើសកម្មភាពណាដែលមិនសូវចាំបាច់ មិនទាន់ចាំបាច់ និងលែងចាំបាច់ និងបានណែនាំឱ្យបណ្តាក្រសួងស្ថាប័នទាំងអស់ ត្រូវសន្សំសំចៃឱ្យបានខ្ពស់ ចំពោះការចំណាយលើការរៀបចំពិធីបុណ្យ វគ្គបណ្តុះបណ្តាល, សន្និបាត, សន្និសីទ, សិក្ខាសាលា, ពិព័រណ៍ និងកិច្ចប្រជុំកម្រិតជាតិ និងកម្រិតអន្តរជាតិគ្រប់ប្រភេទ ក៏ដូចជាការចុះបំពេញបេសកម្មរបស់មន្រ្តីទាំងក្នុង និងក្រៅស្រុក។
យោងតាមសារាច ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ក្នុងស្មារតីនៃការបង្កើនការសន្សំសំចៃខ្ពស់ មិនខ្ជះខ្ជាយថវិកាជាតិ គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំតែ ពិធីឬព្រឹត្តិការណ៍ ដែលជាកាតព្វកិច្ចហើយខានមិនបាន និងជាសកម្មភាពចាំបាច់ ដែលផ្តល់ផលចំណេញដល់ ប្រទេសជាតិ។ លើសពីនេះ ការរៀបចំពិធីជប់លៀង ការទិញវត្ថុអនុស្សាវរីយ៍ និងការទិញសម្ភារៈផ្សេងៗ បម្រើក្នុងពិធី គឺត្រូវមានលក្ខណៈសន្សំសំចៃខ្ពស់បំផុត។
ក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា ការរៀបចំពិធីបុណ្យ, សន្និបាត, សន្និសីទ, សិក្ខាសាលាដែលមានទ្រង់ទ្រាយធំ, ពិព័រណ៍ និង កិច្ចប្រជុំក្នុងប្រទេសកម្រិតជាតិគ្រប់ប្រភេទ និងកម្រិតអន្តរជាតិកម្រិតអាស៊ាន តំបន់ និងពិភពលោក ចាំបាច់ ត្រូវមានផែនការច្បាស់លាស់ និងត្រូវមានគ្រោងនៅក្នុងផែនការថវិកានិង ត្រឹមកម្រិតឥណទានថវិកា ដែលមានក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងត្រូវទូទាត់ជម្រះចំណាយឱ្យអស់ក្នុងឆ្នាំថវិកានីមួយៗ ដោយមិនអនុញ្ញាតឱ្យយោងទៅទូទាត់ និងប្រើឥណទានថវិកាឆ្នាំបន្ទាប់ឡើយ ព្រមទាំង ត្រូវធានាការចូលរួមរបស់មន្ត្រី ក្នុងចំនួនចាំបាច់ និងតិចបំផុត ក្នុងការទ្រទ្រង់ដំណើរការរៀបចំ។ ក្នុងករណីមាន តម្រូវការចាំបាច់ជាក់ស្តែង ក្នុងការអនុវត្តសកម្មភាពបន្ថែម ដែលនាំឱ្យមានចំណាយកើនឡើង ត្រូវលៃលក ប្រើប្រាស់ឥណទានថវិកាផ្ទៃក្នុងដែលមានក្នុងឆ្នាំអនុវត្តថវិកា។ បន្ថែមពីនេះ ត្រូវជ្រើសរើសការរៀបចំវគ្គបណ្តុះបណ្តាល, សិក្ខាសាលា, កិច្ចប្រជុំ, សន្និសីទកម្រិតជាតិ និង អន្តរជាតិ នៅទីតាំងដែលនៅជិតបំផុត ដើម្បីបន្ថយចំណាយដែលមិនចាំបាច់ ជាពិសេសចំណាយលើសោហ៊ុយ បេសកកម្ម។
ម្យ៉ាងវិញទៀត ស្របតាមលទ្ធភាពនៃថវិការបស់ជាតិ ស្មារតីសន្សំសំចៃខ្ពស់ និងបង្កើនប្រសិទ្ធភាពចំណាយថវិកាជាតិ ការរៀបចំពិធី/ព្រឹត្តិការណ៍នានាជាលក្ខណៈអន្តរជាតិ រួមទាំងការទទួលភ្ញៀវអន្តរជាតិផង គួរពិនិត្យលទ្ធភាពប្រជុំតាមប្រព័ន្ធនិម្មិត (Online)។ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ទាំងនៅរដ្ឋបាល ថ្នាក់ជាតិ ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាចរៀបចំវគ្គបណ្តុះបណ្តាល, សិក្ខាសាលា, កិច្ចប្រជុំ, សន្និសីទ កម្រិតជាតិ និងអន្តរជាតិដោយផ្ទាល់ ក្នុងករណីមានតម្រូវការពិភាក្សាគ្នាល្អិតល្អន់ ដើម្បីឈានដល់ការសម្រេច ចិត្តណាមួយ ឬពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ដែលទាមទារឱ្យមានការបង្ហាញជូនសិក្ខាកាមដោយផ្ទាល់។
ចំណែកការចុះបេសកកម្មក្រៅប្រទេស ក៏ត្រូវសន្សំសំចៃខ្ពស់បំផុត ដោយចៀសវាងឱ្យបាននូវ ចំណាយលើបេសកកម្មក្រៅប្រទេស ដែលមិនរួមចំណែកដល់ការសម្រេចបាននូវគោលបំណងគោលនយោបាយ របស់ក្រសួង ស្ថាប័ន។ ក្រសួង ស្ថាប័នត្រូវប្រកាន់ស្មារតីហ៊ានបដិសេធ នូវការអញ្ជើញបេសកកម្មក្រៅប្រទេសទាំងឡាយណា ដែលផ្តល់ប្រយោជន៍តិចតួច ឬមិនសូវមានប្រយោជន៍ ឬមិនមានប្រយោជន៍ដល់ក្រសួង ស្ថាប័ន ហើយដែលយើងត្រូវចេញសោហ៊ុយខ្លួនឯង។ ទន្ទឹមគ្នានេះ ក្នុងស្មារតីសន្សំសំចៃខ្ពស់លើចំណាយថវិកាជាតិ គួរពិនិត្យលទ្ធភាពក្នុងការបន្តអនុវត្តតាម ប្រព័ន្ធនិម្មិត ឬប្រើប្រាស់មន្ត្រីនៅប្រចាំប្រទេសនោះ ដើម្បីចូលរួមជំនួស។ ការចុះបេសកកម្មទៅក្រៅប្រទេស តែក្នុងករណីចាំបាច់ដែលមិនអាចអនុវត្តតាមប្រព័ន្ធនិម្មិតបាន ឬមិនអាចប្រើប្រាស់មន្ត្រីនៅប្រចាំប្រទេសនោះ ដើម្បីចូលរួមជំនួសបាន មិនអនុញ្ញាតឱ្យអនុវត្តចំណាយមុន លើចំណាយបេសកកម្មទៅក្រៅប្រទេស ដោយមិនមាន គោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និង/ឬពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន។
រីឯបេសកកម្មក្នុងប្រទេសដូចគ្នាដែរ។ ដើម្បីធានាបាននូវការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងកំឡុងបំពេញ បេសកកម្មក្នុងប្រទេស ក្រសួង ស្ថាប័ន និងអង្គភាពចំណាយពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តចំណាយត្រឹមកម្រិត ឥណទានដែលមានក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ និងអនុវត្តប្រកបដោយតម្លាភាពនូវចំនួនថ្ងៃ និងចំនួនមន្ត្រី ចុះបេសកកម្មពិតប្រាកដ ដោយត្រូវលុបបំបាត់ឱ្យបាននូវការបំប៉ោងចំនួនថ្ងៃ និងចំនួនមន្ត្រីចុះបេសកកម្ម លើសពីការអនុវត្តជាក់ស្តែង ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការរៀបចំកម្មវិធីនៅតាមរាជធានី ខេត្ត ដើម្បីគោលដៅទទួលបានប្រាក់បេសកកម្ម ឬក៏យកបេសកកម្ម ធ្វើជាត្រីមុខ៕









































